ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ,រដ្ឋមន្រ្តីក្រសួងវប្បធម៌អញ្ជើញផ្ទេរតំណែង

28

ភ្នំពេញលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសចូលរួមជាអធិបតីក្នុងពិធីប្រកាសផ្ទេរតំណែងប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ តំណាងក្រសួងស្ថាប័ន ព្រមទាំងសិល្បករ សិល្បការិនីសរុបជាង ៦០០នាក់។

ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងថា ក្នុងនាមជាអាណាព្យាបាលសម្រាប់អ្នកប្រកបអាជីពក្នុងវិស័យសិល្បៈ លោកជំទាវពិតជាមានសេចក្តីរីករាយ ដោយឃើញអំពីការរួបរួមជាធ្លុងមួយរបស់អ្នកសិល្បៈទាំងអស់ដើម្បីបម្រើអាជីពខ្លួនផង ដើម្បីបម្រើសង្គមផង និងដើម្បីបម្រើសិល្បៈដ៏ថ្លៃថ្លារបស់ជាតិផង។

លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំដ៏ល្អរបស់លោកស្រី ចន ច័ន្ទលក្ខិណា ដែលបានធ្វើឲ្យសមាគមសិល្បករខ្មែរក្លាយជាតំណាងនៃការរួបរួមសិល្បៈជាតិ ហើយសង្ឈឹមថា លោកស្រីនឹងបន្តរួមចំណែកផ្តល់ការជួយជ្រោមជ្រែងសមាគមនេះ និងជារៀមច្បងគំរូដល់យុវជនជំនាន់ក្រោយ។ ជាមួយនេះ លោកជំទាវរដ្ឋមន្ត្រី បានអបអរសារ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលទទួលបាននូវតួនាទីថ្មីបន្ថែមទៀត និងសូមជូនពរឲ្យទទួលបានជោគជ័យក្នុងការដឹកនាំសមាគមសិល្បករខ្មែរឆ្ពោះទៅរកទំព័រថ្មី នៃភាពសកម្មរបស់សមាគម។

សូមបញ្ជាក់ជូនថា ការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ បានរៀបចំធ្វើនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ដោយមានអង្គបោះឆ្នោតជាសិល្បករសិល្បការិនីជាង៦០០នាក់ តំណាងសិល្បករទូទាំងប្រទេស បានបោះឆ្នោតគាំទ្រ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន លើសំឡេង ៩៣ភាគរយ នៃសំឡេងឆ្នោតសរុប៕

អត្ថបទដែលជាប់ទាក់ទង