ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំសមាជិកសមាគមកាយប្ញទ្ធិនារីកម្ពុជា ចូលរួមពិធីបុណ្យសង្ឃទាន និងបង្សុកូល ឧទ្ទិសមហាកុសលថ្វាយព្រះសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីទេព វង្ស

29

ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា នាព្រឹកថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំសមាជិកា សមាជិក របស់សមាគមចំនួន៨០នាក់ មកពីសាខាល្វាឯម សាខា CCF និងសាខា PSE ចូលរួមពិធីបុណ្យសង្ឃទាន និងបង្សុកូល ឧទ្ទិសមហាកុសលថ្វាយព្រះសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អតីតសម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជាថ្វាយព្រះពុទ្ធបដិមា និងព្រះបរមសព ព្រមទាំងបានអញ្ជើញរាប់បាត្រ ប្រគេនទេយ្យទាន និងចង្ហាន់ប្រគេនព្រះសង្ឃចំនួន៣៨៨អង្គ ប្រកបដោយសទ្ធាជ្រះថ្លាក្រៃលែងក្នុងព្រះពុទ្ធសាសនា។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយរិទ្ធិនារីកម្ពុជា ក៏បានជួបសំណេះសំណាលជាមួយសមាជិកា និងយុវតី មកទាំង៣សាខា ព្រមទាំបានផ្ដល់ដំបូន្មានល្អៗ ដល់ប្អូនៗឲ្យរៀបចំខ្លួនធ្វើជា សិស្សល្អ កូនល្អ និងពលរដ្ឋល្អ នៅក្នុងសង្គម និងប្រកាន់ខ្ជាប់តាមឱវាទរបស់ព្រះពុទ្ធជាម្ចាស់នៃយើង។

សូមរំលឹកថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងចូលព្រះទិវង្គត កាលពីថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧:៤០នាទី នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ក្នុងព្រះជន្ម៩៣ព្រះវស្សា ដោយព្រះជរាពាធ៕

អត្ថបទដែលជាប់ទាក់ទង