ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿងដែល The Cambodia Daily ចោទប្រកាន់ថា មានការសូកប៉ាន់ពីឯកឧត្ដមគុណ ញឹម ដើម្បីពន្យារការចូលនិវត្ត រហូតដល់ឆ្នាំ២០២៨នោះសម្តេចធិបតី ហ៊ុន ម៉ាណែតថា៖វាជាអំពើថោកទាប

35

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានថ្លែងថា វាជាអំពើថោកទាបដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily សរសេរអត្ថបទមួយចោទប្រកាន់ថា មានការសូកប៉ាន់ពីសំណាក់ឯកឧត្ដម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីបានពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៨។

នៅលើបណ្តាញសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មានខ្លឹមសារយ៉ាងដូច្នេះថា៖

វាជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ និងគ្រួសារ។

ថ្ងៃនេះ The Cambodia Daily បានសរសេរអត្ថបទមួយចោទប្រកាន់ថា មានការសូកប៉ាន់ពីសំណាក់ឯកឧត្ដមគុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីបានពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៨ ដែលគេចោទថាខុសពីគោលការណ៍របស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី ដែលធ្លាប់លើកឡើងថានឹងឱ្យឯកឧត្ដមគុណ ញឹម ចូលនិវត្តន៍ត្រឹមឆ្នាំ២០២៥។

ខ្ញុំសូមបញ្ជាក់ថា ក្នុងនាមជានាយករដ្ឋមន្ត្រីនីតិកាលទី៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់គោលការណ៍ឯកភាពឲ្យឯកឧត្ដម គុណ ញឹម អាចពន្យារការចូលនិវត្តរហូតទៅដល់ឆ្នាំ ២០២៨ តាមសំណើរបស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រីជាតដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុកាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២២ មកម្ល៉េះ (ឯកសារភ្ជាប់)។

ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលរដ្ឋាភិបាល នីតិកាលទី៧ ខ្ញុំមានសិទ្ធិគ្រប់គ្រាន់ក្នុងការតែងតាំងផ្លាស់ប្ដូរអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាគ្រប់ពេលវេលា។ ប៉ុន្តែ ដោយផ្អែកលើគុណសម្បត្តិរបស់ឯកឧត្ដម គុណ ញឹម ដែលជាមន្ត្រីដែលមានបទពិសោធន៍ មានឆន្ទៈនិងមានការខិតខំប្រឹងប្រែង ក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិ ខ្ញុំនឹងបន្តគោលការណ៍អនុញ្ញាតជូនឯកឧត្ដមគុណ ញឹម ក្នុងការពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ ២០២៨ បើគ្មានការចាំបាច់ណាមួយក្នុងការកែសម្រួល។

ហេតុដូច្នេះ សូមវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ ឈប់ប្រឌិតរឿងមិនពិតដែលមានចេតនាថោកទាបក្នុងការបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំនិងក្រុមគ្រួសារ ជាពិសេសយកឈ្មោះមន្ត្រី ដើម្បីជាខែលបិទបាំងនៅអំពើស្មោគគ្រោក និងអសីលធម៌របស់ខ្លួន។

បើសិនជាមានមន្ត្រី នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពិតមែនដែលលើករឿងនេះ ហើយចង់ឱ្យឯកឧត្ដមគុណ ញឹម ចូលនិវត្តឆ្នាំ២០២៥ ដោយហេតុផលណាមួយនោះសូមកុំដេកស្រមៃ។
ករណីនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ខ្ញុំ នៅក្នុងការពិចារណាជ្រើសរើសបេក្ខជន ដើម្បីតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅក្នុងពេលខាងមុខដែរ៕

អត្ថបទដែលជាប់ទាក់ទង