ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ចេញសារលិខិតថ្វាយព្រះពរសូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

14

 

ភ្នំពេញ ៖ នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល ប្រកបដោយក្តីសោមនស្សរីករាយ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រី រាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំអភិវន្ទថ្វាយ ព្រះសព្ទសាធុការពរជ័យចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត ន ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតអភិវន្ទលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្ដែងនូវកត្តញ្ញូកតវទិតាធម៌ ដ៏ជ្រាលជ្រៅ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គនៅក្នុងព្រះរាជឋានៈនេះ បានគង់ឬថាប់ជាម្លប់ ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្រ ថ្វាយនូវកម្លាំងព្រះកាយពល ព្រះបញ្ញាញាណ និងបានបំពេញនូវព្រះរាជបេសកកម្មដ៏ឧត្ដុង្គឧត្តម ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា និងប្រជារាស្ត្រខ្មែរ រស់នៅប្រកបដោយភាពសុខដុមរមនា ជាពិសេសក្នុងឆ្នាំចាស់កន្លងទៅនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងព្រះបរមនាមជាព្រះប្រមុខរដ្ឋ បានបំពេញនូវព្រះរាជកិច្ចជាច្រើន រួមចំណែកជំរុញ ការអភិវឌ្ឍជាតិមាតុភូមិលើគ្រប់វិស័យ និងលើកកម្ពស់កិត្យានុភាពជាតិ កាន់តែល្បីរន្ទឺសុះសាយទៅក្នុងតំបន់ និងពិភពលោក។ ស្ថិតក្នុងឱកាសដ៏មហាជ័យមង្គលាភិរម្យថ្លៃថ្លានេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំសម្តែងថ្វាយនូវព្រះសព្ទ សាធុការពរជ័យ និងសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ប្ញទ្ធិបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងទេវតាឆ្នាំថ្មី ព្រះនាម “មហោ ទរាទេវី” សូមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយជូន ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង សូមបានសមប្រកបដោយព្រះពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ ប្រថាប់ជាម្លប់ដ៏សុខក្សេមក្សាន្ដសម្រាប់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍៕

អត្ថបទដែលជាប់ទាក់ទង