ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ចេញសារលិខិតថ្វាយព្រះពរសូមក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល

21

 

ភ្នំពេញ ៖ នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល ប្រកបដោយក្តីសោមនស្សរីករាយ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ តាងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំអភិវឌ្ឍថ្វាយ ព្រំសព្ទសាធុការពរជ័យចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតអភិវន្ទលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្តែងនូវកត្តញ្ញូកតវេទិតាធម៌ ដ៏ជ្រាលជ្រៅ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលតែងតែយកព្រះទ័យទុកដាក់ អស់ពីព្រះកាយពល និងព្រះបញ្ញាញាណ បំពេញរាល់កិច្ចការសង្គម សាសនា ការលើកកម្ពស់សិទ្ធិស្ត្រី និងការងារមនុស្សធម៌ ដើម្បី សេចក្តីសុខក្សេមក្សាន្តរបស់ប្រជារាស្ត្រខ្មែរជាកូន ជាចៅ និងជាចៅទូតរបស់ព្រះអង្គ ប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា និងជា ព្រះវីរគំរូដ៏ឧត្ដុង្គឧត្តម សម្រាប់ស្ត្រីខ្មែរគ្រប់និគម។
ស្ថិតក្នុងវរោកាសដ៏មហាជ័យមង្គលាភិរម្យថ្លៃថ្លានេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំសម្តែងថ្វាយនូវព្រះសព្ទ សាធុការពរជ័យ និងសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ប្ញទ្ធិបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងទេវតាឆ្នាំថ្មី ព្រះនាម “មហោទរាវទី” សូមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយជូន សម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ សូមបានសមប្រកបដោយព្រះពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវភក្ដីភាព ដ៏ស្មោះស្ម័គ្រ និងអភិវឌ្ឍនកិច្ចដ៍ខ្ពង់ខ្ពស់បំផុត ពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង