ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ចេញលិខិតជូនពរសូមគោរពជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

96

 

ភ្នំពេញ ៖ នាឱកាសដ៏មង្គលាភិរម្យប្រពៃថ្លៃថ្លា ប្រកបដោយក្តីសោមនស្សរីករាយ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ តាងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវអំណរសាទរ និងសូមចូលរួមជូននូវសព្ទសាធុការពរជ័យ គោរពជូនចំពោះ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមថ្លែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះ គំរូវីរភាពដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងតួនាទីជាប្រធានកាកបាទក្រហមកម្ពុជា និងជា ឧត្តមភរិយាដ៏ឧត្ដុង្គឧត្តមបំផុតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ដើម្បីបុព្វហេតុនៃការងារសង្គម និង កិច្ចការមនុស្សធម៌ សម្រាប់ជាប្រយោជន៍ដល់ជាតិមាតុភូមិ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេស សម្ដេចកិត្តិព្រឹទ្ធ បណ្ឌិតប្រធាន គឺជាវីរជនស្ត្រីខ្មែរដ៏ឆ្នើម ប្រកបដោយទេពកោសល្យដ៏ប៉ិនប្រសប់ ដែលបានលើកកម្ពស់ស្ត្រីខ្មែរ ឱ្យមាន ការយល់ដឹង និងទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងទេវតាឆ្នាំថ្មី ព្រះនាម “មហោទរាទេវី” សូមជួយប្រសិទ្ធ ពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិតប្រធាន ព្រមទាំងបុត្រា-បុត្រី បុត្រប្រសា និងចៅប្រុស-ចៅស្រី ជាទីស្រឡាញ់ សូមបានសមប្រកបដោយ ពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉នី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មេត្តាទទួលនូវភក្ដីភាព ដ៏ស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង