ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ៖ វិស័យឯកជនគឺជាដៃគូមិនអាចខ្វះបាន និងជាកម្លាំងចលករដ៏សំខាន់ដែលរួមចំណែកដល់ការរីកលូតលាស់សេដ្ឋកិច្ចជាតិ

25

 

ខេត្តតាកែវ ៖ ក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ហ្រេ្វស មីល ឯ.ក ព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ មេសា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា វិស័យឯកជនគឺជាដៃគូមិនអាចខ្វះបាន និងជាកម្លាំងចលករដ៏សំខាន់ដែលរួមចំណែកដល់ការរីកលូតលាស់សេដ្ឋកិច្ចជាតិ ។

សម្តេចមហាបវរធិបតី បានថ្លែងថា គិរីសួគ៌ គឺជាកសិដ្ឋានខ្នាតធំថ្នាក់ជាតិដំបូងគេនៅកម្ពុជា ដែលមានសង្វាក់ផលិតកម្មទំនើប មានសមត្ថភាព ផលិតទឹកដោះគោសុទ្ធស្រស់ ប្រកបដោយគុណភាពខ្ពស់ និងសារធាតុចិញ្ចឹមច្រើន ដើម្បីជាជំនួយផ្នែកអាហារូបត្ថម្ភ ដល់អ្នកប្រើប្រាស់ ។ កសិដ្ឋានបានទទួលពានរង្វាន់ឧស្សាហកម្មបៃតងថ្នាក់មាសចំនួន ២ឆ្នាំជាប់គ្នា ។ ក្នុងនោះដែរ នៅខែតុលា ឆ្នាំ២០២១ កសិដ្ឋានគីរីសួគ៌ទទួលបានវិញ្ញាបនបត្រពីអង្គការGHPs/HACCP ដែលជាការទទួលស្គាល់សង្វាក់ ផលិតកម្មទំនើប និងមានសុវត្ថិភាពខ្ពស់ផលិតទឹកដោះគោសុទ្ធ យ៉ាអ៊ួ និងបឺរ ដោយមានផ្នែកចិញ្ចឹមគោ និងផ្នែក ផលិតចំណីគោ នៅក្នុងផ្ទៃដីកសិដ្ឋានតែមួយ ។ នៅឆ្នាំ២០២២ ក្រុមហ៊ុនបានទទួលវិញ្ញាបនបត្របញ្ជាក់បច្ចេកទេស ស្ដង់ដារផលិតផលហាឡាលកម្ពុជា ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលឆ្លុះបញ្ចាំងពីសង្វាក់ផលិតកម្មមានបទដ្ឋានត្រឹមត្រូវ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា វិស័យឯកជនគឺជាដៃគូមិនអាចខ្វះបាន និងជាកម្លាំងចលករដ៏សំខាន់ដែលរួមចំណែកដល់ការរីកលូតលាស់សេដ្ឋកិច្ចជាតិ ។ ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំបន្តជួយ សម្របសម្រួល និងផ្ដល់ការគាំទ្រចាំបាច់ដល់ក្រុមហ៊ុន ខ្មែរ ហ្វេសមីល និងក្រុមហ៊ុនដទៃទៀតដែលកំពុងបោះទុន វិនិយោគក្នុងវិស័យកសិកម្ម ដើម្បីជួយពង្រឹងស្ដង់ដារគុណភាព សុវត្ថិភាព និងភាពប្រកួតប្រជែង ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលសូមស្វាគមន៍ និងលើកទឹកចិត្តឱ្យមានការវិនិយោគឯកជនកាន់តែច្រើនថែមទៀត នៅក្នុងគ្រប់អនុវិស័យរបស់ វិស័យកសិកម្ម ដែលនឹងជួយបង្កើតការងារ លើកកម្ពស់ប្រាក់ចំណូលប្រជាជន កាត់បន្ថយភាពក្រីក្រ កាត់បន្ថយការនាំចូល និងលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ ។

សម្តេច នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ​តម្លៃទីផ្សារកសិផលប្រែប្រួលមិនទៀងទាត់នោះឡើយ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយមិនអាចធានាបាន តែទោះបីជាយ៉ាងណា រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម នឹងប្រឹងប្រែងក្នុងការរក្សាលំនឹងទីផ្សារកសិផល ជាពិសេសការកាត់បន្ថយថ្លៃដើមផលិត ដើម្បីឱ្យកសិករទទួលបានផលចំណេញខ្ពស់។​

​សម្តេច​ធិបតីបានមានប្រសាសន៍ថា វិស័យកសិកម្មនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ហេតុនេះហើយរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ ជំរុញការផលិត​ឱ្យមានគុណភាពល្អ ​និងខិតខំរក្សាលំនឹងទីផ្សារកសិផល ជាពិសេសដំណាំយុទ្ធសាស្រ្ត។

សម្តេចធិបតីបានគូសបញ្ជាក់ថា ពិតណាស់ផលិតផលកសិកម្ម គឺឡើងចុះយើងពិបាកធានា ក្នុងមួយឆ្នាំៗជួលកាលឆ្នាំនេះ ស្រូវឡើងថ្លៃ ឆ្នាំក្រោយតាង៉ែនឡើងថ្លៃ ​ជួនកាលស្វាយចន្ទីឡើងថ្លៃ ជួនកាលកៅស៊ូឡើងថ្លៃ ជាទីផ្សារពិភពលោក ប៉ុន្តែអ្វីដែលជាវិញ្ញាសារនេះរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ ខិតខំធ្វើយ៉ាងណា ដើម្បីធានាឱ្យបានអស់លទ្ធភាពនូវទីផ្សារ និងតម្លៃថេរមួយចំនួន ចំពោះផលិតផលយុទ្ធសាស្រ្តមួយចំនួន ដែលរាជរដ្ឋាភិបាលអាណិត្តទី៧នេះ យើងដាក់ចេញគោលនយោបាយ យើងដាក់ចេញនូវកញ្ចប់ថវិកា១០០លានដុល្លារ ដើម្បីត្រៀមអន្តរាគមន៍សម្រាប់កសិផល។

សម្តេចធិបតីមានប្រសាសន៍ទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមិនគិតតែលើអ្វីដែលកសិករដាំនោះទេ អ្វីដែលសំខាន់ គឺផលដែលកសិករទទួលបាន ​នោះគឺចំណូល និងផលចំណេញច្រើន ដូច្នេះហើយទាមទារឱ្យមាននូវបច្ចេកវិទ្យា ដើម្បីជួយកាត់បន្ថយនូវថ្លៃដើមផលិត និងបង្កើនទិន្នផលខ្ពស់។

​ទន្ទឹមគ្នានេះ សម្តេចធិបតីលើកទឹកចិត្តនៅក្នុងការវិនិយោគបន្ថែមទៅលើការចិញ្ចឹមគោផលិតទឹកដោះគោ។ សម្តេចបានកោតសរសើរ និងថ្លែងអំណរគុណចំពោះកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ និងកសិដ្ឋានចិញ្ចឹមគោផ្សេងទៀត ដែលបានចូលមកក្នុងទីផ្សារកម្ពុជា ដើម្បីជំរុញការផលិតទឹកដោះគោស្រស់សម្រាប់ផ្គត់ផ្គង់ទីផ្សារកម្ពុជា និងរួមចំណែកធ្វើពិពិធកម្មនៃផលិតផលរបស់​កម្ពុជា ដោយកាលពីមុនការចិញ្ចឹមគោនៅកម្ពុជា គឺដើម្បីកាប់សាច់ តែឥលូវប្រែក្លាយមកចិញ្ចឹមគោយកទឹកដោះ។

ជាងនេះ​ទៅទៀតការផលិតទឹកដោះគោរបស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះទាំង៤នៅកម្ពុជា ក៏បានចូលរួមចំណែកលើកកម្ពស់អាហារូបត្ថម្ភ ជាពិសេសកុមារនិងសិស្សដែលត្រូវការអាហារបំប៉នសម្រាប់ការរីកលូតលាស់ នៃសុខភាពរាងកាយ និងប្រាជ្ញាស្មារតី ព្រមទាំងកាត់បន្ថយការនាំចូលទឹកដោះគោ និងការផលិតទឹកដោះគោពីបរទេស។

បើតាមការលើកឡើងរបស់សម្តេចធិបតី ក្នុងមួយឆ្នាំកម្ពុជាបាននាំចូលផលិតផលទាក់ទងទឹកដោះគោចំនួន ៩៨ពាន់តោនក្នុងមួយឆ្នាំ ដែលគិតជាថវិកាសរុប ៧៣៩លានដុល្លារ៕

 

អត្ថបទដែលជាប់ទាក់ទង