ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញអញ្ជើញជូនដំណើរ កម្មករ កម្មការិនី និងប្រជាពលរដ្ឋឡើងជិៈរថយន្តក្រុងទៅស្រុកកំណើតតាមខេត្តក្រុង នានា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

53

 

ភ្នំពេញ៖ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ,អភិបាលរងរាជធានីរួមជាមួយមន្ត្រីជាច្រើនរូបទៀត នាព្រឹកព្រលឹមថ្ងៃទី១២ មេសាឆ្នាំ២០២៤នេះ ពោល គឺនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ថ្ងៃមួយបានអញ្ជើញជូនដំណើរ កម្មករ កម្មការិនី និងប្រជាពលរដ្ឋឡើងជិៈរថយន្តក្រុងទៅស្រុកកំណើតតាមខេត្តក្រុង នានា នៅទីលានប្រជាធិបតេយ្យ ទល់មុខអតីតឃ្លាំងសាំង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា៖ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី ព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវា ដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាមួយនឹងការរៀបចំទឹកពិសាបរិសុទ្ធនិងភេសជ្ជៈដោយឥតគិតថ្លៃផងដែរ។
ឯកឧត្ដមឃួង ស្រេង បានបន្តថា យើងមានទីតាំងរថយន្តក្រុងសម្រាប់ដឹកជញ្ជូនបងប្អូនកម្មករ កម្មការិនីនិងប្រជាពលរដ្ឋជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែកន្លែងដែរធំជាងគេមាន២កន្លែង នោះគឺនៅទីតាំងទីលានប្រជាធិបតេយ្យ ខណ្ឌឬស្សីកែវនិងនៅតំបន់OCIC ខណ្ឌជ្រោយចង្វា។ ការដឹកជញ្ជូនបងប្អូនកម្មករ កម្មការិនីនិងប្រជាពលរដ្ឋជាទៅស្រុកកំណើតនេះ គឺជាការគិតគូររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលមរតពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ហើយគោលនយោបាយនេះបានទទួលការសាទរពីប្រជាពលរដ្ឋយ៉ាងពេញទំហឹង។
ឯកឧត្ដមឃួង ស្រេង បានបន្តថា៖ បន្ថែមពីនេះ
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរនានាឱ្យរក្សាតម្លៃដឹកជញ្ចូននៅដដែល ពុំតម្លើងថ្លៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងមិនបានកំរិតតម្លៃអោយម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរនោះទេ គ្រាន់តែសុំកុំអោយពួកគាត់យកតំលៃហួសហេតុ គ្មានហេតុផល។
ជុំវិញការអនុញ្ញាតឬមិនអនុញ្ញាតនៃការលេងបាញ់ទឹកជះទឹកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ ឯកឧត្ដមឃួង ស្រេង បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញមានទីតាំងអនុញ្ញាតអោយលេងនិងមិនអនុញ្ញាតអោយលេង ហើយទីតាំងអនុញ្ញាតត្រូវបានដាក់ឡានទឹក ពាងទឹកអោយបាញ់ជះទឹកលេងគ្រប់គ្រាន់ផងដែរ ហើយទីតាំងនោះក៏មានដាក់ស្កាកសញ្ញាអោយលេងត្រឹមត្រូវ ជៀសវាង ជះទឹក បាញ់ទឹកទៅលើអ្នកដំណើរ ដែលគេមិនបានស្ម័ក្រចិត្តលេងជាមួយយើង។ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្ដមឃួង ស្រេង សូមអោយបងប្អូនប្រជាពលរដ្ឋលេងសប្បាយរីករាយដោយមានក្រមសីលធម៌ខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង