ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្តុះបណ្តាលពង្រឹងសមត្ថភាព ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងរៀបចំផែនការសកម្មភាព ផែនការថវិកា ការរៀបចំសក្ខីប័ត្រសម្រាប់ការទូទាត់ចំណាយ គាំទ្រសេវាសង្គមរបស់រដ្ឋបាលសង្កាត់ទាំង១០៥

27

ភ្នំពេញ៖គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំផែនការសកម្មភាព ផែនការថវិកា និងការរៀបចំសក្ខីប័ត្រសម្រាប់ការទូទាត់ចំណាយ គាំទ្រសេវាសង្គមរបស់រដ្ឋបាលសង្កាត់” នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកជំទាវ កែវ រ័ត្នតារា សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

  វគ្គបណ្តុះបណ្តាលនេះ ត្រូវរៀបចំឡើងចំនួន២វគ្គ ពោលគឺនៅព្រឹកថ្ងៃទី២៦ មេសានេះ ជាវគ្គទី១ មានចំនួន៧ខណ្ឌចូលរួម ហើយនៅល្ងាចថ្ងៃដដែលជាវគ្គទី២ មានចំនួន៧ខណ្ឌដែរ ដើម្បីបណ្តុះបណ្តាល

ពង្រឹងសមត្ថភាព ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអ្នកចូលរួមពាក់ព័ន្ធផ្សេងៗទៀតអោយចេះ រៀបចំផែនការសកម្មភាព ផែនការថវិកា និងការរៀបចំសក្ខីប័ត្រសម្រាប់ការទូទាត់ចំណាយ គាំទ្រសេវាសង្គមរបស់រដ្ឋបាលសង្កាត់ទាំង១០៥។

   ចំពោះសកម្មភាពសេវាសង្គម របស់(គ.ក.ស.ក) រាជធានីភ្នំពេញ ជាសកម្មភាពមួយ លើកកម្ពស់សុខភាពមាតា និងកុមារ និងអាហារូបត្ថម្ភ បង្កើតនិងដំណើរការ មត្តេយ្យសិក្សា សហគមន៍ លើកកម្ពស់ទឹកស្អាត និងអនាម័យ លើកកម្ពស់សមភាពយេនឌ័រ សកម្មភាពបង្កើនចំណូលគ្រួសារ (បណ្តុះបណ្តាលបច្ចេកទេសដាំដុះ) ការអប់រំឪពុកម្តាយ ការអប់រំកុមារតូច លើកកម្ពស់ជនពិការ ការថែទាំចាស់ជរា កិច្ចការពារកុមារ ចំណាកស្រុក និងការគាំទ្រការអនុវត្តការងារអត្រានុកូលដ្ឋាន ។ល។

  លោកជំទាវ កែវ រ័ត្នតារា បានមានប្រសាសន៍លើកឡើងថា៖ ពីមួយឆ្នាំទៅមួយឆ្នាំ (គ.ក.ស.ក)រាជធានីភ្នំពេញបានព្យាយាមណាស់ ក្នុងការរៀបចំការបណ្តុះបណ្តាល។ ដូច្នេះ លោកស្រីសូមអោយតួអង្គសំខាន់ៗ

ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ពិសេសគឺអភិបាលរងខណ្ឌទទួលបន្ទុក។

  លោកជំទាវ បន្តថា  (គ.ក.ស.ក)សង្កាត់ អាចជោគជ័យលើការងាររបស់ខ្លួនបាន គឺអាស្រ័យលើ ការចូលរួមគាំទ្រពីអ្នកពាក់ព័ន្ធ ពិសេស តួអង្គ៤ នោះគឺ លោកចៅ សង្កាត់ ស្មៀនសង្កាត់ (គ.ក.ស.ក)សង្កាត់និងជំនួយការហិរញ្ញវត្ថុសង្កាត់។ បើមានតែគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) រាជធានីភ្នំពេញតែម្នាក់ឯងគឺទៅមិនរួចទេ។

  លោកជំទាវ បន្តថា រាជរដ្ឋាភិបាលបានផ្តល់កញ្ចប់ថវិកាវិភាជន៍ ដល់ថ្នាក់សង្កាត់ ដូច្នេះសូមយកកញ្ចប់ថវិកាវិភាជន៍នេះទៅជួយប្រជាពលរដ្ឋក្រីក្រអោយចំគោលដៅ៕

អត្ថបទដែលជាប់ទាក់ទង