ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ឡុង ឌីម៉ង់ថា៖ ខេត្តព្រះសីហនុ ទទួលបានគម្រោងវិនិយោគកម្រិតថ្នាក់ខេត្តដែលមានទុនវិនិយោគក្រោម៥លានដុល្លារជាបន្តបន្ទាប់ចំនួន៨, ខណៈថ្នាក់ដឹកនាំខេត្ត ប្តេជ្ញាខិតខំកៀរគរបន្ថែមទៀត

26

ព្រះសីហុ៖ ឯកឧត្ដម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងថា៖ ខេត្តព្រះសីហនុ ទទួលបានគម្រោងវិនិយោគកម្រិតថ្នាក់ខេត្តដែលមានទុនវិនិយោគក្រោម៥លានដុល្លារជាបន្តបន្ទាប់ នៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ ខណៈខេត្តទើបតែអនុម័តគម្រោងបង្កើតរោងចក្រមួយទៀត ដែលមានទុនវិនិយោគជាង៣លានដុល្លារ និងទុនចុះបញ្ជីជាង ១.៥លានដុល្លារ ដោយវិនិយោគឡើងដោយក្រុមហ៊ុនបរទេស។

     ឯកឧត្ដមឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានថ្លែងបែបនេះតាមរយះក្លីបវិដេអូមួយដែលទទួលបាននៅថ្ងៃ២៦មេសាឆ្នាំ២០២៤នេះថា៖ថ្មីៗនេះតាមការណែនាំរបស់ឯកឧត្ដមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតិឱ្យរូបខ្ញុំដើម្បីជម្រាបជូនជាសាធារណៈដល់សាធរណៈជនទាំងអស់អំពីគម្រោងវិនិយោគនៅក្នុងទឹកដីខេត្តព្រះសីហនុ។

       ក្នុងនោះឯកឧត្ដមអភិបាលរងខេត្តបានគូសបញ្ជាក់ថា ៖ស្របតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងតែកៀរគរវិនិយោគិនពីក្នុង និងក្រៅប្រទេស រដ្ឋបាលខេត្តព្រះសីហនុ បានខិតខំប្រឹងប្រែង ទៅតាមលទ្ធភាព ដោយបានចាប់ផ្តើមទទួលបាននូវសំណើរចុះបញ្ជីវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួនជាបណ្តើរៗនៅក្នុងកម្រិតថ្នាក់ខេត្ត។ ជាក់ស្តែង បន្ទាប់ពីមានច្បាប់ឱ្យបង្កើតអនុគណៈកម្មការវិនិយោគរាជធានី-ខេត្ត ហើយបានដំឡើងទុនវិនិយោគសមមូលដល់ក្រោម៥លានដុល្លារ ខេត្តព្រះសីហនុទទួលបានទុនវិនិយោគចំនួន៧ និងទទួលបានបន្ថែមមួយគម្រោងដែលទើបតែអនុម័តនៅខែមេសានេះ។ឯកឧត្ដមបានបញ្ជាក់ទៀតថា ៖ឯកឧត្ដមអភិបាលខេត្តព្រះសីហនុ នឹងជំរុញការចុះបញ្ជាក់បន្ថែមទៀត។ តាមរយៈការរៀបចំផែនការថ្មីៗនេះឯកឧត្ដមនឹងចុះទៅផ្សព្វផ្សាយជូនដល់អ្នកវិនិយោគទាំងអស់ ពីការលើកទឹកចិត្តដល់អ្នកវិនិយោគ មកដាក់ទុនវិនិយោគនៅខេត្តព្រះសីហនុ ដែលឯកឧត្ដមឡុង ឌីម៉ង់ សង្ឃឹមថា ចំនួនក្រុមហ៊ុនវិនិយោគនឹងឡើងបន្ថែមទៀត។

ទន្ទឹមនឹងនេះ ឯកឧត្ដមឡុង ឌីម៉ង់ បានលើកឡើងថា «នៅក្នុងក្របខណ្ឌគណៈកម្មការវិនិយោគខេត្តនេះ គឺយើងកាត់បន្ថយការដែលឱ្យអ្នកវិនិយោគគាត់ស្នើសុំចុះបញ្ជីខ្លួនឯងហើយ គាត់ត្រូវដើរស្នើសុំអាជ្ញាបណ្ណស្នើសុំការអនុញ្ញាតនេះ ការអនុញ្ញាតនោះទៅតាមមន្ទីរ និងស្ថាប័នផ្សេងៗ។ អនុគណៈកម្មការវិនិយោគខេត្តឬច្រកចេញចូលតែមួយនេះ គឺជាអ្នកមានមានតួនាទី ក្នុងការប្រមូលវិចខ្ចប់ឯកសារជូនអ្នកវិនិយោគ»

សូមជម្រាបថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យបង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ដើម្បីជាយន្តការក្នុងការពិនិត្យសម្រេចលើការវិនិយោគឯកជន និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគ។

សមាភាព នៃអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត មានចំនួន២០រូប ក្នុងនោះអភិបាលរាជធានី-ខេត្ត គឺជាប្រធាន និងអភិបាលរង១រូប គឺជាអនុប្រធាន និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន និងតំណាងសាខាគយ និងរដ្ឋាករ ព្រមទាំងតំណាងសាខាពន្ធដារ នៃខេត្តនីមួយៗ ជាសមាជិក។

តាមមាត្រា៣ នៃអនុក្រឹត្យនេះ អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្តមានតួនាទី និងភារកិច្ចពិនិត្យ និងសម្រេចលើការចុះបញ្ជីការផ្តល់ការលើកទឹកចិត្ត ការធានាការទិញ ការលក់ ការរួមបញ្ចូលគ្នា ការលុប និងការដោះស្រាយវិវាទនានា ពាក់ព័ន្ធនឹងគម្រោងវិនិយោគឯកជន ដែលមានទុនវិនិយោគសមមូលនឹង៥លានដុល្លារអាមេរិកចុះ នៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្តសាមីនីមួយៗ ស្របតាមនីតិវិធីដែលកំណត់ ដោយអនុក្រឹត្យដោយឡែក និងស្របតាមច្បាប់វិនិយោគនៃកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង