ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ល្ងាចនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិសាអាហារសាមគ្គីមហា គ្រួសារឧកញ៉ាកម្ពុជា

16

ភ្នំពេញ៖នៅល្ងាចថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយស «សមា គម ឧកញ៉ាកម្ពុជា» នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារ ឧកញ៉ា កម្ពុជា។

ពិធីនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារហ្គាឌិនស៊ីធី របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធាន «សមាគមឧកញ៉ាកម្ពុជា។

    ពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា ធ្វើឡើងដើម្បី អបអរសាទរសន្និបាតប្រចាំឆ្នាំលើកទី១ របស់ «សមាគមឧកញ៉ាកម្ពុជា» ដែលប្រារព្ធឡើង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ។ សន្និបាតរៀបចំឡើង ដើម្បីពិនិត្យសមិទ្ធផលការងារដែល សម្រេចបានក្នុងឆ្នាំកន្លងទៅ ហើយដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំថ្មី ឆ្នាំ២០២៤នេះ។

ការអញ្ជើញជាអធិបតីរបស់សម្តេចតេជោ ក្នុងពិធីពិសាអាហារសាមគ្គីរបស់មហាគ្រួសារឧកញ៉ា កម្ពុជា ជាកាយវិការបង្ហាញឱ្យការគាំទ្រដ៏ខ្លាំងក្លាលើសកម្មភាពរបស់ឧកញ៉ារួមចំណែកក្នុង សកម្ម ភាពនានា ជាឧត្តមប្រយោជន៍នៅក្នុងសង្គមជាតិ។

ក្រៅពីរបាយការណ៍ស្តីពីការប្រតិបត្តិការងារទូទៅហើយនោះ ក្នុងសន្និបាតរបស់សមាគម បានគូស រំលេច សកម្មភាពជាច្រើន ដែលសមាគមសម្រេចបាននាពេលកន្លងទៅ ជាពិសេសការចូលរួមក្នុង សកម្ម ភាព មនុស្សធម៌។

របាយការណ៍បង្ហាញថា សមាគមបានចូលរួមជាមួយក្រសួងយុត្តិធម៌នូវថវិកាជាង ៤ម៉ឺនដុល្លារសម្រាប់កសាងវត្តអារាម, ចូលរួមជាមួយកាកបាទក្រហមកម្ពុជាជាង ១លាន ៣សែនដុល្លារ, កសាងអគារថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាជាង ២លាន ៤សែនដុល្លារ, ជួយដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោកម្ពុជា (TYDA) ដើម្បីរៀបចំមន្ទីរពេទ្យហ្លួងម៉ែជាង ១លានដុល្លារ, ចូលរួមបច្ច័យបុណ្យផ្កាសាមគ្គី ដើម្បីជួសជុល និងរៀបចំគ្រឹះឡើងវិញនូវមហាកុដិសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ជិត ១០ម៉ឺនដុល្លារ, ចូលរួមសកម្មភាពដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ជិត ៣លានដុល្លារ, ចូលរួមជាមួយរដ្ឋាបាលរាជធានីភ្នំពេញ ដើម្បីទិញស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗក្នុងកំឡុងពេលបិទខ្ទប់នៃការឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ចំនួនជាង ១លានដុល្លារ និងចូលរួមចែកកាបូប និងសម្ភារៈសិក្សាដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាស្រះឈូក ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យចំនួន២០០នាក់។

របាយការណ៍ បានបញ្ជាក់ដែរថា របាយការណ៍សកម្មភាពមនុស្សធម៌ខាងលើនេះ មិនទាន់រាប់បញ្ចូលសកម្មភាពការងារក្នុងត្រីមាសទី១ ឆ្នាំ២០២៤នៅឡើយទេ ដូចជាការចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ និងហ្លួងយាយ, ការចែកអំណោយ និងការកសាងអនុវិទ្យាល័យស្ទឹងជ្រៅ និងការឧបត្ថម្ភគ្រឿងឧបភោគបរិភោគខេត្តកំពង់ស្ពឺជាដើម។

ជួសមុខឱ្យ ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិក អ្នកឧកញ៉ា លី យ៉ុងផាត់ បានវាយតម្លៃ ខ្ពស់ និងអបអរសាទរចំពោះលទ្ធលដ៏ធំធេង ដែលសមាគមសម្រេចបាន ក្នុងរយៈពេល១ឆ្នាំ មក នេះ ជាមួយការកំណត់ចក្ខុវិស័យវែងឆ្ងាយ ការកំណត់ទិសដៅ និងផែនការអាទិភាពឆ្នាំ២០២៤ យ៉ាងច្បាស់លាស់។ ក្នុងនោះគឺការបន្តភាពជាដៃគូជាមួយរាជរដ្ឋាភិបាល, ការបន្តសកម្មភាព សប្បុរសធម៌, ការបន្តបោះពុម្ព សៀវភៅឧកញ៉ា, ការបន្តគ្រប់គ្រង និងចាត់ចែង ឯកសណ្ឋានឧកញ៉ា, ការបន្តចូលរួមអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងបេសកកម្មនានា, ការធ្វើបច្ចុប្បន្នកម្ម គោរមវន្ត ជាពិសេសការបង្កើតមូលនិធិសមាគមឧកញ៉ា ដើម្បីមន្ទីរពេទ្យ គន្ធបុប្ផា ដែលជាអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាមូលនិធិ មួយដ៏សំខាន់ ក្នុងការធានាពីស្ថេរភាព របស់មន្ទីរពេទ្យ ជាដើម៕

អត្ថបទដែលជាប់ទាក់ទង