ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីនឹងរៀបចំឱ្យមានកន្លែង កំសាន្តពេលយប់ជាផ្លូវថ្មើរជើងរាជធានីក្នុងភូមិសាស្ត្រខណ្ឌដូនពេញឱ្យទៅជាកន្លែង pop streetផង

27

ភ្នំពេញ៖ផ្លូវថ្មើរជើងរាជធានីភ្នំពេញ ហៅកន្លែងកំសាន្តពេលយប់មានទំហំ៥៧ហិកតា ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលមានទាំងហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងរៀបចំជាកន្លែង pop streetផងដែរនោះ គ្រោងនឹងរៀបចំឡើងនៅដើមខែឧសភាឆ្នាំ២០២៤នេះ ដើម្បីបំរើអោយភ្ញៀវជាតិ អន្តរជាតិបានមកទិញទំនិញនិងដើរលេងកំសាន្តពេលយប់ ហើយគម្រោងនេះនឹងរៀបចំអោយបានរួចរាល់នៅមុនចូលឆ្នាំសកលឆ្នាំ២០២៥ខាងមុខនេះ។

  នេះបើតាមការបង្ហាញអោយដឹងក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំផ្លូវថ្មើរជើងមុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះនៅសាលារាជធានីភ្នំពេញ។

  លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា៖ ផ្លូវថ្មើរជើងរាជធានីភ្នំពេញ ត្រូវបានបែងចែងជា៣តំបន់ មានទំហំ៥៧ហិកតា ដោយផ្លូវថ្មើរជើងតំបន់ទី១ មានទីតាំង

នៅមុខប្រៃសណីយ៍ មាន ព្រំប្រទល់ខាងជើង៖ ផ្លូវលេខ៩៤-ខាងត្បូង៖ ផ្លូវលេខ១០៦-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ (តំបន់នេះនឹងរៀបចំឡើងជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ)។

ផ្លូវថ្មើរជើងតំបន់ទី២ មានទំហំមានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១០៦-ខាងត្បូង៖ ផ្លូវលេខ ១៨៤-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ(តំបន់នេះរៀបចំជាតំបន់ pop street)។

ផ្លូវថ្មើជើងតំបន់ទី៣ មានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១៨៤-ខាងត្បូង៖ មហាវិថីព្រះសីហនុខាងលិច៖ ផ្លូវលេខ០៧-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ(រៀបចំជាតំបន់  លំហែកាយ)។

   លោកសាំ ពិសិដ្ឋ បញ្ជាក់ថា តំបន់ទាំង៣នេះរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំឡើងអោយមាន

សោភណ្ឌភាពស្រស់បំព្រង ជាតំបន់បៃតង មានសួនច្បារ តាំងភ្លើងចម្រុះពណ៌ មានបង្គន់អនាម័យ ចំណតយានយន្តបណ្តោះអាសន្ន មានហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងជាកន្លែង

pop streetផងដែរ។ តំបន់នេះក្រោយការរៀបចំរួចនឹងបើកអោយភ្ញៀវជាតិ អន្តរជាតិចូលទិញទំនិញនិងកំសាន្តសប្បាយ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់។

  ឯកឧត្តម ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះបានលើកឡើងថា៖ គម្រោងនេះយើងបានសិក្សារួចអស់ហើយ ដូច្នេះលោកជម្រុញអោយ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញចាប់ផ្តើមអនុវត្តការងាររៀបចំគម្រោងនេះ ចាប់ពីពេលនេះតទៅ ដោយប្រើប្រាស់ពេលវេលា៦ខែ ពោលគឺអោយរួចរាល់ នៅមុនចូលឆ្នាំសកលឆ្នាំ២០២៥ ដើម្បីអោយតំបន់នេះ ក្លាយជាតំបន់ មានហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងជាកន្លែង pop streetផងដែរ៕

អត្ថបទដែលជាប់ទាក់ទង