ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឧកញ៉ា និងអ្នកឧកញ៉ា ត្រូវរួមគ្នាវិនិយោគសាងសង់ព្រែកជីកហ្វូណន-តេជោ ឱ្យបាន បើសិនកម្ពុជាមិនអាចរកទុនពីបរទេសគ្រប់គ្រាន់

24

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានប្រកាសដោយមានជំនឿចិត្តថា កម្ពុជាត្រូវតែសាងសង់ព្រែកជីកហ្វូណន-តេជោ ឱ្យបានបើទោះបីជាកម្ពុជា មិនអាចរកទុនពីបរទេសមកវិនិយោគក្តី ក៏កម្ពុជាត្រូវរកទុនក្នុងស្រុក តាមរយៈអ្នកឧកញ៉ា និងឧកញ៉ា ដែលជាអ្នកមានធនធាន។

សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា សម្តេចនឹងឈរជាប់ជាមួយរាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាល ក្នុងការកៀរគរទុនមកវិនិយោគឱ្យខានតែបាន ព្រោះគម្រោងនេះផ្តល់ប្រយោជន៍យ៉ាងធំធេង សម្រាប់ប្រជាជនកម្ពុជា។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិសាអាហារសាមគ្គីមហា គ្រួសារឧកញ៉ាកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូមប្រជាជនកម្ពុជាយល់ថា យើងទទួលបានផលប្រយោជន៍ពីព្រែកជីកនេះវាធំធេង ដូច្នេះហើយខ្ញុំសុំឱ្យអ្នកឧកញ៉ា និងឧកញ៉ាដែលមានទុន ក្នុងករណីដែលយើងមិនអាច រកទុនពីក្រៅមក ព្រែកជីកនេះត្រូវតែធ្វើឱ្យបានតាមរយៈ នៃការចូលរួមទាំងអស់គ្នា ជាភាគហ៊ុនដើម្បីធ្វើ។ ខ្ញុំនឹងឈរនៅជាមួយរាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាល ប្រមូលផ្តុំអ្នកដែលមានទុនចូលរួមវិនិយោគដើម្បីផលចំណេញ ហើយព្រែកជីកនេះច្បាស់ជាមានផលចំណេញធ្វើព្រែកជីក»

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ រួមគ្នាគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ។

គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់ សមុទ្រ របស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង ប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយ ទុន ប្រមាណ ១,៧០០លាន ដុល្លារ អាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ៕

អត្ថបទដែលជាប់ទាក់ទង