ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិក សមាជិកាព្រឹទ្ធសភាទាំង៦១រូប ចេញញត្តិរួម គាំទ្រចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ហើយប្រឆាំងរាល់ចេតនាមិនល្អរបស់ទ្រុស្តមិត្ត ដែលប៉ុនប៉ងរារាំងការអភិវឌ្ឍ និងរីកចំរើនសេដ្ឋកិច្ចរបស់កម្ពុជា

23

ភ្នំពេញ៖សមាជិក សមាជិកាព្រឹទ្ធសភា អាណត្តិទី៥ ទាំង៦១រូប នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ បានចេញញត្តិរួមគាំទ្រ ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ហើយសមាជិក សមាជិកាព្រឹទ្ធសភា ប្រកាសប្រឆាំងដាច់ខាតរាល់ចេតនាមិនល្អរបស់ទ្រុស្តមិត្ត ដែលប៉ុនប៉ងរារាំងការអភិវឌ្ឍ និងរីកចំរើនសេដ្ឋកិច្ចរបស់កម្ពុជា។

តាមរយៈញត្តិរួម សមាជិក សមាជិកាព្រឹទ្ធសភា ទាំង៦១រូប បានលើកឡើងថា៖ «យើងខ្ញុំជាសមាជិក សមាជិកាព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹងចំពោះ ការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កំពុងបន្តស្នាដៃ និងជំរុញបន្ថែមការអភិវឌ្ឍគម្រោងព្រែកជីកនេះឱ្យសម្រេចបាន ជោគជ័យនាពេលអនាគត»។

ញត្តិរបស់សមាជិកសមាជិកព្រឹទ្ធសភា បានបន្ថែមថា គម្រោងព្រែកជីកហ្វូណន-តេជោ ដែលត្រូវបានអនុម័តកាលពីឆ្នាំទៅមិញ បន្ទាប់ពីបានធ្វើការសិក្សា យ៉ាងហ្មត់ចត់អស់រយៈពេល២៦ខែមក គឺជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ដែលនឹងបង្កើតបាននូវបណ្តាញ ដឹកជញ្ជូនតាមផ្លូវទឹកដែលតភ្ជាប់ពីទន្លេយើងទៅកាន់សមុទ្រក្នុងខេត្តកែប។ បន្ថែមពីលើការបង្កើនសមត្ថភាព ក្នុងការដឹកជញ្ជូននោះ ព្រែកជីកនឹងកាត់បន្ថយពេលវេលា ថវិកានិងនីតិវិធីសម្រាប់នាវាដឹកទំនិញចេញ-ចូល បង្កើតការងារ លើកកម្ពស់បន្ថែមវិស័យទេសចរណ៍ និងបង្កើនល្បឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ព្រែកជីកនេះ ក៏នឹងជួយរំដោះទឹកជំនន់នៅតាមខេត្តភាគនិរតី និងក៏ជាប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋជាច្រើនដែល ធ្វើកសិកម្ម និងវារីវប្បកម្ម ហើយកសិផលនៅតាមខេត្តនានា នឹងអាចដឹកជញ្ជូនតាមព្រែកជីកនេះកាន់តែងាយ ស្រួល បង្កើតឱ្យមានបណ្តាញដឹកជញ្ជូនប្រទាក់ក្រឡាគ្នាទាំងផ្លូវទឹក និងផ្លូវគោក។

សមាជិក សមាជិកាព្រឹទ្ធសភា សូមគាំទ្រយ៉ាងមុតមាំ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បន្តអភិវឌ្ឍគម្រោងព្រែកជីក ហ្វូណន-តេជោនេះ ឱ្យបានជោគជ័យ ទាំងសម្រាប់ផលប្រយោជន៏សេដ្ឋកិច្ចសង្គមផង ទាំងសម្រាប់ការធានា ឯករាជ្យ និងអធិបតេយ្យជាតិផង។ ជាមួយគ្នានេះ យើងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមគាំទ្រ ប្រកបដោយឆន្ទៈ និងស្មារតីមោះមុតក្នុងការរួមចំណែកដល់ភាពរុងរឿងនៃមាតុភូមិកម្ពុជាយើង។ ទន្ទឹមនឹងនេះ សមាជិក សមាជិកាព្រឹទ្ធសភាសូមប្រកាសប្រឆាំងដាច់ខាតរាល់ចេតនាមិនល្អរបស់ទ្រុស្តមិត្តទាំងឡាយ ដែលប៉ុនប៉ងរារាំងការអភិវឌ្ឍ និងរីកចំរើនសេដ្ឋកិច្ចរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង