ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមតាន់ ហ្សង់ហ្វ្រង់ស័រ៖ ការទូតសេដ្ឋកិច្ច ក្លាយជាសកម្មភាពដ៏សំខាន់មួយ នៃនយោបាយការបរទេសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត

33

ភ្នំពេញ៖ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ការទូតសេដ្ឋកិច្ច ក្លាយជាសកម្មភាពដ៏សំខាន់មួយនៃនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលថ្មី ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត។

ឯកឧត្ដមថ្លែងបែបនេះ ក្នុងឱកាសបកស្រាយលើប្រធានបទ៖ «ការទូតសេដ្ឋកិច្ចរបស់កម្ពុជាលើឆាកអន្តរជាតិ» គ្រាដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រៀបចំសិក្ខាសាលា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្ដមតាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់យ៉ាងដូច្នេះថា «ទាំងអស់គ្នាដឹងស្រាប់ហើយ ការទូតសេដ្ឋកិច្ចក្លាយជាសកម្មភាពស្នូល សកម្មភាពដ៏សំខាន់មួយ នៃនយោបាយការបរទេស របស់រាជរដ្ឋាភិបាលថ្មី ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា»

បើតាមឯកឧត្ដមតាន់ ហ្សង់ហ្វ្រង់ស័រ គេអាចឱ្យនិយមន័យថា ការទូតសេដ្ឋកិច្ច គឺជាការស្វែងរកប្រយោជន៍សេដ្ឋកិច្ច ស្វែងរកប្រយោជន៍ពាណិជ្ជកម្មសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់មធ្យោបាយទូត ហើយការទូតសេដ្ឋកិច្ច ចងសមត្ថកិច្ច ២ជាប់គ្នា។ លោកថ្លែងថា ការទូតសេដ្ឋកិច្ចនេះ នៅម្ខាងមានសមត្ថកិច្ចរបស់រដ្ឋ ព្រោះការទូត គឺជាតួនាទីផ្តាច់មុខរបស់រដ្ឋ និងម្ខាងទៀត មានសមត្ថកិច្ចរបស់វិស័យឯកជន ព្រោះឯកជនជាអ្នកតួនាទីផ្នែកវិនិយោគ។

សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម ប្រាក់ សុខុន កាលជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចុះហត្ថលេខាដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ដែលមានគោលបំណងចំនួន៤ រួមមានការជំរុញពាណិជ្ជកម្មអន្តរជាតិ ការទាក់ទាញការវិនិយោគទុនផ្ទាល់ពីបរទេស ការលើកកម្ពស់វិស័យទេសចរណ៍ និងការជំរុញការផ្លាស់ប្តូរវប្បធម៌ បូករួមទាំងការផ្សព្វផ្សាយពីមុខម្ហូបខ្មែរផងដែរ។ នៅក្នុងប្រការ ២ នៃលិខិតដែលបានចុះហត្ថលេខាដោយ ឯកឧត្ដមប្រាក់ សុខុន នោះ បានចែងថា «ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះអង្គភាពចំណុះទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសពង្រឹងការទូតសេដ្ឋកិច្ច ព្រោះសេដ្ឋកិច្ចជាអាយុជីវិតរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ៕

អត្ថបទដែលជាប់ទាក់ទង