ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តូយ៉ូតា គឺជាក្រុមហ៊ុនយក្ស ហើយការវិនិយោគនៅកម្ពុជា នឹងក្លាយជាកម្លាំងចលករទាក់ទាញការវិនិយោគថ្មីៗ

27

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ បានថ្លែងថា ក្រុមហ៊ុនតូយ៉ូតា គឺជាក្រុមហ៊ុនយក្ស ហើយមុននឹងធ្វើអ្វីមួយក្រុមហ៊ុនបានគិតគូរល្អិតល្អន់ណាស់។ សម្តេចធិបតី បានបន្តថា តាមរយៈការវិនិយោគរបស់ក្រុមហ៊ុនតូយ៉ូតា វានឹងក្លាយទៅជាចលករមួយ ក្នុងការចូលរួមចំណែកទាក់ទាញការវិនិយោគថ្មីៗមកកម្ពុជាបន្ថែមទៀត។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រុមហ៊ុនតូយ៉ូតា ជាក្រុមហ៊ុនយក្ស មុននឹងគេធ្វើអ្វី គេគិតគូរច្បាស់លាស់ណាស់។ សម្ដេចថា៖អីចឹង បើយក្សមកកម្ពុជា នឹងលើកទឹកចិត្តខ្ញុំថាក្រុមហ៊ុនផ្សេងទៀត នឹងមកកម្ពុជា។ នេះគឺជាការទាក់ម៉ូយធំណាស់»

បើតាមការថ្លែងរបស់សម្តេចធិបតី ការដំឡើងរថយន្តតូយ៉ាតានៅកម្ពុជា គឺជាផ្តល់នូវមោទនភាពសម្រាប់ប្រជាជាតិកម្ពុជា ហើយសម្តេចបានបង្ហាញក្តីសង្ឃឹមថា មិត្តជប៉ុននឹងបន្តឈរយ៉ាងរឹងមាំជាមួយកម្ពុជា។ ក្រៅតែពីការដំឡើងរថយន្តហើយនោះ សម្តេចក៏ចង់ឱ្យក្រុមហ៊ុនពិនិត្យការវិនិយោគលើខ្ចៅ ឬពូករថយន្តជាដើម។

សូមជម្រាបថា រោងចក្រដំឡើងរថយន្តតូយ៉ូតា បោះទុនជិត ៣៧លានដុល្លារ ជាក្រុមហ៊ុនឯកជនបង្កើតឡើងដោយក្រុមហ៊ុនមេ TO YO TA TSUSHO CORPORATION នៃប្រទេសជប៉ុន មានភាគហ៊ុនចំនួន ៩០ភាគរយ និង ក្រុមហ៊ុន គង់ នួន គ្រុប ចំនួន ១០ភាគរយ។

រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តចំនួន ២ប្រភេទ ទី១៖ ជាប្រភេទ SUV ម៉ាក FORTUNER និងទី២៖ ជាប្រភេទ Pick-UP ម៉ាក HILUX ដែលមានទុនវិនិយោគ ចំនួន ៣៦,៧៨១,០០០ដុល្លារអាមេរិក និងមានបុគ្គលិកសរុបចំនួន ១៥០នាក់ ហើយ មានសមត្ថភាពដំឡើងរថយន្តចំនួន ១,៣២០គ្រឿងសម្រាប់ផ្គត់ផ្គង់តម្រូវការ ទីផ្សារ (Market demand) ឆ្នាំ២០២៤ ក្នុងនោះរថយន្ត FORTUNER ចំនួន ២៩០គ្រឿង និងរថយន្ត HILUX ចំនួន ១,០៣០គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង