ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ មិនមែនគិតតែរឿងរកចំណូលឱ្យពលរដ្ឋទេ តែក៏ត្រូវគិតពីការកាត់បន្ថយការចំណាយរបស់ពលរដ្ឋ

26

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ មិនមែនគិតតែរឿងរកចំណូលឱ្យប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏ត្រូវគិតពីការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋផងដែរ។

ការថ្លែងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅនៅថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសម្ពោធជាផ្លូវការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា ដែលមានទុកវិនិយោគ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កម្ពុជា ធ្លាប់ជាប្រទេសដែលនាំចូលគ្រប់មុខតែបច្ចុប្បន្នកម្ពុជា អាចផលិតផលដោយខ្លួនឯងនូវសម្ភារៈ និងផលិតផលនានា ជាក់ស្តែងកម្ពុជាអាចផលិតរថយន្តដើម្បីផ្គត់ផ្គង់ទីផ្សារ បើទោះបីមិនមែនជាក្រុមហ៊ុនរបស់កូនខ្មែរ ក៏ដោយ ប៉ុន្តែ ជាក្រុមហ៊ុនបរទេសដែលផលិតផលក្នុងប្រទេសកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងមានតម្លៃសមរម្យជូនប្រជាពលរដ្ឋខ្មែរ ចំណុចនេះជាអ្វីដែលរាជរដ្ឋាភិបាលចង់បាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ព្រោះបង្កើនជីវភាពរស់នៅរបស់ប្រជាជនមិនមែនបង្កើនតែប្រាក់បៀវត្សរ៍គាត់ទេ តែត្រូវរក្សានូវថ្លៃ ដើម្បីចំណាយរបស់គាត់នេះតិច គាត់មានលទ្ធភាពទិញបានច្រើន ហើយសល់លុយច្រើនសម្រាប់ធ្វើអីផ្សេង អ៊ឹចឹងការរក្សាអតិផរណាទីផ្សារក្នុង១ឆ្នាំ ប៉ុន្មានភាគរយ គឺសំខាន់ខ្លាំងណាស់»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ប្រសិនបើក្នុង ១ឆ្នាំតម្លៃទំនិញឡើង៣០ ឬ៤០ភាគរយនោះ គឺលំបាកណាស់ ដូច្នេះ សម្រាប់ប្រាក់បៀវត្សរ៍ គឺរាជរដ្ឋាភិបាល តែងតែគិតគូរនៅក្នុងការដំឡើងទៅតាមលទ្ធភាព និងខិតខំផលិតផលនានាជូនដល់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បើនិយាយពីការអភិវឌ្ឍ គឺមិនមែននិយាយតែមួយជ្រុងនោះទេ ដើម្បីផ្គុំគ្នាចេញជាលទ្ធផលជូនប្រជាពលរដ្ឋ។ ដោយឡែកសម្រាប់ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា នឹងបានផលជាច្រើនជូនដល់សេដ្ឋកិច្ច និងប្រជាពលរដ្ឋខ្មែរ សំខាន់លើកម្ពស់នូវផលិតភាព លើកកម្ពស់កិត្យានុភាព និងផ្តល់នូវមោទនភាពសម្រាប់ប្រជាជាតិកម្ពុជា។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបង្ហាញសុទិដ្ឋិនិយម និងក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមដំបូលសុខសន្តិភាព, ស្ថិរភាព នយោបាយ, ម៉ាក្រូសេដ្ឋកិច្ច ជាមួយនឹងធនធានមនុស្ស និងកម្លាំងពលកម្មជំនាញវ័យក្មេង ប្រកបដោយជវភាពរបស់កម្ពុជា និងភាពទាក់ទាញនៃការវិនិយោគនៅកម្ពុជា នឹងបន្តទទួលបានការវិនិយោគប្រភេទឧស្សាហកម្មផ្អែកលើជំនាញនេះជាបន្តបន្ទាប់ទៀត៕

អត្ថបទដែលជាប់ទាក់ទង