ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំសហការី ចូលរួមពិធីបុណ្យសង្ឃទាន និងបង្សុកូល ឧទ្ទិសមហាកុសលថ្វាយព្រះសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស

53

ភ្នំពេញ៖កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស នៅថ្ងៃអាទិត្យ ១២រោច ខែចេត្រ ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងយុវជនកាកបាទក្រហមកម្ពុជា ចូលរួមពិធីបុណ្យសង្ឃទាន និងបង្សុកូល ឧទ្ទិសមហាកុសលថ្វាយព្រះសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អតីតសម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងតម្កល់រៀបចំពិធី បុណ្យនៅវត្ត ឧណ្ណា លោម។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជាថ្វាយព្រះពុទ្ធបដិមា និងព្រះបរមសព ព្រមទាំងបានអញ្ជើញរាប់បាត្រ ប្រគេនទេយ្យទាន និងចង្ហាន់ប្រគេនព្រះសង្ឃចំនួន៣៨៨អង្គ ប្រកបដោយសទ្ធាជ្រះថ្លាក្រៃលែងក្នុងព្រះពុទ្ធសាសនា។

ព្រមជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនក៏បានចុះហត្ថលេខាលេីលិខិតរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតផងដែរ។

ពិធីបុណ្យខាងលើនេះ ក៏មានសម្តេចព្រះសង្ឃនាយកស្ដីទី សម្ដេចព្រះសង្ឃនាយរង សម្តេចព្រះសង្ឃ និមន្តចូលរួមកម្មវិធីបង្សុកូលថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជធិបតី កិត្តិទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជណាចក្រកម្ពុជា។

ក្នុងឱកាសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំសហការី ចូលរួមពិធីបុណ្យសង្ឃទាន និងបង្សុកូល ឧទ្ទិសមហាកុសលថ្វាយព្រះសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បាននាំយកទេយ្យវត្ថុ បច្ច័យ វេរប្រគេនចំពោះព្រះសង្ឃគង់នៅវត្តអារាមនេះផងដែររួមមាន៖ បច្ច័យចំនួន ៥០លានរៀល (សម្រាប់វត្ដអារាម), ក្នុងនោះក៏មានបច្ច័យមួយចំនួនទៀតរបស់ពុទ្ធបរិស័ទ (ថ្នាក់ដឹកនាំអមដំណើរសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត) ទឹកប្រាក់ចំនួន ១០,៣៤០ដុល្លារ បន្ថែមទៀត, អង្ករ ៥តោន, មី១០០កេស, ត្រីខ ២០កេសធំ, ទឹកក្រូច ១០០កេស, ទឹកសុទ្ធ ២០០កេស។ សម្រាប់ព្រះសង្ឃគង់នៅវត្តអារាមខាងលើចំនួន ៣៨៨អង្គ បច្ច័យក្នុងមួយអង្គចំនួន ១០ម៉ឺនរៀល, ឧបត្ថម្ភសិស្សនិស្សិតក្នុងវត្ដ ចំនួន ១៧៦នាក់ ក្នុងម្នាក់ៗថវិកាចំនួន១០ម៉ឺនរៀល និងឧបត្ថម្ភអ្នកស័្មគ្រចិត្ដបម្រើពិធីបុណ្យ ៥៤នាក់ ក្នុងម្នាក់ចំនួន ១០ម៉ឺនរៀល។

គួរបញ្ជាក់ថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ត្រូវបានតែងតាំង ជាសម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៦ ដោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

ព្រះអង្គត្រូវបានប្រសូត្រនៅឆ្នាំ១៩៣២។ ទ្រង់បានបួសអស់រយៈពេល៤៥ឆ្នាំ ដែលគិតចាប់ពីឆ្នាំ១៩៧៩ រហូតដល់ទ្រង់ យាងចូលព្រះទិវង្គត នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្នុងជន្មាយុ៩៣ ព្រះវស្សា។ ព្រះបរមសព សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស នឹងត្រូវបូជា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីតំកល់ព្រះបរមសព នៅវត្តឧណ្ណាលោមចំនួន១០០ថ្ងៃ ដើម្បីឱ្យសាធារណជន ចូលរួមគោរបូជា។

ក្នុងព្រះនាមទ្រង់ជាសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានកសាងសមិទ្ធផល និងស្នាព្រះហស្តជាច្រើន ទាំងផ្នែកសាសនា ការចូលរួមចំណែកសាងសង់សមិទ្ធផលនានាក្នុងសង្គម និងការកសាងកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង