ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី៖ស្នើវិស័យឯកជនចូលរួមប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ពីប្រព័ន្ធបញ្ជរតែមួយជាតិដោយជួយគិតគូរ ជួយធ្វើ ជួយទទួលខុសត្រូវ

34

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើវិស័យឯកជនចូលរួមប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីប្រព័ន្ធបញ្ជរតែមួយជាតិនេះ និង ចូលរួមផ្តល់មតិយោបល់ សម្រាប់ការកែលម្អឱ្យកាន់តែប្រសើរ នេះជាកិច្ចការធំ ដែលហៅថាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដោយជួយគិតគូរ ជួយធ្វើ ជួយទទួលខុសត្រូវ។

ការស្នើបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ»។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ ត្រូវតាមដាន និងវាយតម្លៃការអនុវត្ត ព្រមទាំងបន្តកែលម្អ និងពង្រីកមុខងារប្រព័ន្ធ ក៏ដូចជាពង្រីកការតភ្ជាប់ទៅប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងទៀត ដែលពាក់ព័ន្ធការធ្វើធុរកិច្ច និងពាណិជ្ជកម្ម ដើម្បីបន្តឆ្លើយតបតម្រូវការជាក់ស្ដែងរបស់ធុរជន។

សម្តេចធិបតិ ហ៊ុន ម៉ាណែត បានស្នើយ៉ាងដូច្នេះថា៖ «សូមវិស័យឯកជនចូលរួមប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីប្រព័ន្ធបញ្ជរតែមួយជាតិនេះ និងចូលរួមផ្តល់មតិយោបល់ សម្រាប់ការកែលម្អឱ្យកាន់តែប្រសើរ។ កិច្ចការងារនេះជាកិច្ចការធំ ដែលខ្ញុំចង់បាន ដែលយើងដាក់អភិក្រមភាព ខ្ញុំហៅថាភាពជាដៃគូរវាងរដ្ឋ និងឯកជន ជួយគិតគូរ ជួយធ្វើ ជួយទទួលខុសត្រូវ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចំណុចនេះវិស័យឯកជនមិនត្រឹមតែជួយគិតផ្តល់មកសំណុំពរមករាជរដ្ឋាភិបាលនោះទេ ប៉ុន្តែ នៅពេលដែលរាជរដ្ឋាភិបាលចេញគោលការណ៍រួចហើយ សូមចូលរួមប្រើប្រាស់ផង។ បញ្ជរតែមួយជាតិ មិនដើរនោះទេ ប្រសិនបើមិនមានអ្នកចូលរួមប្រើប្រាស់ ប្រព័ន្ធបញ្ជរតែមួយជាតិ ធ្វើល្អយ៉ាងណាក៏ដោយបើសិនគ្មានអតិថិជនប្រើប្រាស់ក៏មិនអាចដើរទៅមុខរួចនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ចំពោះកិច្ចការងារនេះបានដើរទៅមុខយ៉ាងច្រើន តាមរយៈដំណោះស្រាយរបស់រដ្ឋ ជាមួយវិស័យឯកជន ដោយបានបង្កើតក្រុមការងាររវាងរដ្ឋាភិបាល និងវិស័យឯកជនជជែកគ្នា ដើម្បីដោះស្រាយបញ្ហានៅចំពោះមុខរាប់អាណត្តិមកហើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ក្រសួង-ស្ថាប័នបន្តយកចិត្តទុកដាក់ខ្ពស់ លើការងារ លើកកម្ពស់បរិយាកាសធុរកិច្ច និងការសម្រួលពាណិជ្ជកម្ម ជាពិសេស ត្រូវជំរុញអនុវត្តឱ្យបានជោគជ័យនូវវិធានការទាំងឡាយ ដែលត្រូវបានដាក់ចេញនៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។

«ប្រព័ន្ធបញ្ជរតែមួយជាតិ» គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។ «ប្រព័ន្ធបញ្ជរតែមួយជាតិ» គឺជាប្រព័ន្ធថ្មីមួយទៀត របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបំពេញបន្ថែម និងធ្វើការជាមួយប្រព័ន្ធដែលមានស្រាប់ ដូចជា E-cus tom s, ASYCUDA, Pre-Arrival Manifest System ជាដើម។

សម្រាប់វិស័យឯកជន ក៏នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ ដូចជា៖ ចំណេញ ពេល ព្រមទាំងការកាត់បន្ថយចំណាយ។ ជាពិសេសការកាត់បន្ថយការិយាធិបតេយ្យក្នុងការរត់ការឆ្លងកាត់ពី ក្រសួង-ស្ថាប័នមានសមត្ថកិច្ចមួយ ទៅមួយទៀត ពាក់ព័ន្ធនឹងការស្នើ សុំអាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និង ឯកសារតម្រូវផ្សេងៗ, សម្រាប់ការនាំចេញ-នាំចូលទំនិញ។ លើសពីនេះ ប្រតិបត្តិករនៃវិស័យឯកជន ក៏អាចប្រើប្រាស់ឡើង វិញនូវទិន្នន័យក្នុងប្រព័ន្ធ សម្រាប់ជាប្រយោជន៍ក្នុងការគ្រប់គ្រងទិន្នន័យរបស់ខ្លួន ឱ្យបានទាន់ពេល, មានសង្គតិភាព និងមានភាពច្បាស់លាស់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង