ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមកើត ឆែ ៖ វគ្គបណ្ដុះបណ្ដាលនេះឱ្យមន្ត្រីរដ្ឋបាលរាជធានីមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំតាក់តែងលិខិតរដ្ឋបាលឱ្យបានត្រឹមត្រូវទាំងទម្រង់និងខ្លឹមសារស្របតាមក្បួនខ្នាត

35

ភ្នំពេញ៖ទម្រង់លិខិតរដ្ឋបាលគឺជាទម្រង់មួយដែលត្រូវអនុវត្តតាម តែក៏ត្រូវឲ្យមានការកែទម្រង់ទៅតាមបរិយាកាសរដ្ឋបាលថ្មីដែរ ព្រោះក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជាក់ចេញ យុទ្ធសាស្ត្រ ផ្តោតលើវិស័យអាទិភាពចំនួន៥ ដែលក្នុងនោះក៏មាន បរិវត្តកម្មឌីជីថលផងដែរ ដែលទៀមទាអោយការកែទម្រង់អោយទាន់បច្ចេកវិទ្យានេះ។

  នេះជាការលើកឡើងរបស់ឯកឧត្ដមកើត ឆែអភិបាលរងរាជធានីភ្នំពេញ ខណៈឯកឧត្ដមបានអញ្ជើញជាតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការតាក់តែងលិខិតរដ្ឋបាលនាព្រឹកថ្ងៃទី០៨ខែ ឧសភាឆ្នាំ ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីរាជការចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញប្រមាណជាង២០០នាក់។

  ឯកឧត្ដមកើត ឆែ បានមានប្រសាសន៍ទៀតថា៖

គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះគឺដើម្បី

ឲ្យសិក្ខាជាមន្ត្រីនិងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញមានសមត្ថភាពនិងចំណេះដឹងគ្រប់គ្រាន់សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំតាក់តែងលិខិតរដ្ឋបាលឱ្យបានត្រឹមត្រូវទាំងទម្រង់និងខ្លឹមសារស្របតាមក្បួនខ្នាតដែលបានកំណត់និងស្ថានភាពគ្រប់គ្រងរដ្ឋបាលជាក់ស្ដែងរបស់អង្គភាពនីមួយ។

  ឯកឧត្ដមអភិបាលរងក៏បានបញ្ជាក់ផងដែរថា៖ វគ្គបណ្ដុះបណ្ដាលសមត្ថភាពស្ដីពីការតាក់តែងលិខិតរដ្ឋបាលនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើងចំនួនពីរលើករួចមកហើយ ដោយលើកទីមួយធ្វើឡើងកាលពីថ្ងៃទី០៦កញ្ញាឆ្នាំ២០២៣។ ឯកឧត្ដមបន្តថា បងប្អូនយើងជាមន្ត្រីមួយចំនួនមិនបានចូលរៀនផ្នែករដ្ឋបាលនេះទេ ដោយចូលមកបម្រើការងារតែម្ដង ដែលតម្រូវឲ្យមាន

វគ្គបណ្ដុះបណ្ដាលនេះ។ ឯកឧត្ដមបានលើកឡើងជាឧទាហរណ៍ថា យើងជាមេចុងភៅត្រូវតែចេះធ្វើម្ហូប បើយើងមិនចេះធ្វើម្ហូបផង តើអាចក្លាយជាមេចុងភៅម៉េចកើតទៅ ដូច្នេះត្រូវតែរៀននិងសិក្សាស្រាវជ្រាវអោយក្លាយជាមេចុងភៅដែលមានសមត្ថភាពពិតប្រាកដ។

  ទម្រង់លិខិតរដ្ឋបាល ជាទម្រង់មួយដែលត្រូវអនុវត្តតាម តែក៏ត្រូវឲ្យមានការកែទម្រង់ទៅតាមបរិយាកាសរដ្ឋបាលថ្មីដែរ។ ជាក់ស្តែងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជាក់ចេញ យុទ្ធសាស្ត្រ ផ្តោតលើវិស័យអាទិភាពចំនួន៥ ដែលក្នុងនោះក៏មាន បរិវត្តកម្មឌីជីថលផងដែរ ដែលទៀមទាអោយការកែទម្រង់អោយទាន់បច្ចេកវិទ្យានេះ។ ក្នុងនាមមន្ត្រីរដ្ឋបាលត្រូវតែតាំងចិត្តដើម្បីបំពេញការងាររដ្ឋបាល។ដូច្នេះមន្ត្រីរដ្ឋបាលត្រូវតែខិតខំរៀនសូត្រជាមួយនឹងការសិក្សាស្រាវជ្រាវបន្ថែមទៀតដើម្បីឲ្យការងាររបស់យើងដំណើរការទៅដោយរលូននិងគ្មានកំហុសឆ្គង។

  ឯកឧត្ដមអភិបាលរងបញ្ជាក់ផងដែរថា៖ ការបណ្ដុះបណ្ដាលនេះគឺសំដៅឲ្យមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញរបស់យើងចេះសរសេរបែបបទរដ្ឋបាលចេះពីរបៀបរបបទម្រង់នៃការប្រើប្រាស់លិខិត និងការសរសេរលិខិតកុំឲ្យមានបទល្មើស។

  ឯកឧត្ដមក៏បានបញ្ជាក់បន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញ គឺជាអ្នកដឹកនាំផង ហើយក៏ជាដៃគូរសហការជាមួយវិស័យឯកជនផងដែរ។

  ក្នុងឱកាសនោះដែរ ឯកឧត្ដមក៏បានលើកឡើងផងដែរថា សម្រាប់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញយើងទាំងអស់ដែលមានវត្តមាននៅក្នុងវគ្គមណ្ឌលបណ្ដាលនេះបើស្រឡាញ់ គាំទ្រនិងជឿជាក់ លើសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីសូមប្ដូរប្រូហ្វាលលើប្រព័ន្ធតេឡេក្រាមនិងហ្វេសបុក ដោយ“គាំទ្រយ៉ាងពេញទំហឹង ចំពោញការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ”៕

អត្ថបទដែលជាប់ទាក់ទង