ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុ៖កម្មករ និយោជិក មានសិទ្ធិសេរីភាពពេញលេញ បន្ទាប់ពីការអនុវត្តនូវលក្ខខណ្ឌការងារដែលមាននៅក្នុងច្បាប់ស្តីពីការងារ

57

ព្រះសីហនុ៖ដើម្បីអបអរសាទរក្នុងឱកាសទិវាពលកម្មអន្តរជាតិ ១ឧសភា ទើបតែកន្លងផុតប៉ុន្មានថ្ងៃនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានរលឹកការអនុវត្តនូវលក្ខខណ្ឌការងារ សិទ្ធិសេរីភាពនានារបស់ កម្មករនិយោជិក ដែលមាននៅក្នុងច្បាប់ ស្តីពីការងារ និងអនុសញ្ញាអន្តរជាតិនានា ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន ព្រមទាំងជំរុញឲ្យបុគ្គលិកនិយោជិកទាំងអស់ត្រូវធ្វើសៀវភៅការងារឲ្យបានគ្រប់ៗគ្នាដែលទទួលបានអត្ថប្រយោជន៍ការងារជាច្រើននៅពេលក្រោយ។

ឯកឧត្តម គួច ចំរើន ថ្លែងបែបនេះនាក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយនិយោជក និងកម្មករនិយោជិត តំបន់សេដ្ឋកិច្ចពេសេស ខេមបូឌាន ចេជាង ហ្គ័រជី ក្រោមប្រធានបទ (សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ) ស្ថិតនៅឃុំព្រតាំងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោកអភិបាលស្រុក  ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងកម្មករនិយោជិតចំនួន ៨០០នាក់  នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្ដមអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា សហគ្រាស រោងចក្រឧស្សាហកម្មតូច ធំ ជាច្រើនកន្លែងមិនថាក្នុងខេត្ត ឬក៏ទូទាំងប្រទេសកម្ពុជាពិតជាបានផ្តល់ការងារដ៏សមស្របមួយដល់បងប្អូននិយោជក់និងកម្មករនិយោជិកនាពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានេះឯកឧត្ដមក៏បានជំរុញឲ្យបុគ្គលិកនិយោជិកទាំងអស់ត្រូវធ្វើសៀវភៅការងារឲ្យបានគ្រប់ៗគ្នាដែលទទួលបានអត្ថប្រយោជន៍ការងារជាច្រើននៅពេលក្រោយ និងសូមឱ្យបុគ្គលិកនិយោជិតទាំងអស់ជៀសឲ្យឆ្ងាយពីគ្រឿងញៀនយើងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ឯកឧត្តម គួច ចំរើន បានលើកឡើងបន្ថែមថា ដោយរាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយប្រាក់សោធននិវត្តន៍ជូនដល់និយោជក និងកម្មករនិយោជិតនៅតាមបណ្តារោងចក្រ សហគ្រាស និងអ្នកបំរើការងារនៅក្រៅប្រព័ន្ធ ផ្តល់អត្ថប្រយោជន៍ជូនបងប្អូនកម្ពុជា ដែលពីមុនមិនមានរបបសោធននិវត្ត តែឥឡូវនេះបានពង្រីករបបថែទាំសុខភាពជូនអ្នកនៅក្នុងបន្ទុកសមាជិកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងបុគ្គល នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងផ្តើមចេញពីបុគ្គលស្វ័យនិយោជន៍។

ឯកឧត្ដមអភិបាលអភិបាលខេត្តបានកោតសរសើរចំពោះប្រជាពលរដ្ឋកម្ពុជារបស់យើង ក្នុងនោះក៏មានកម្មករ កម្មារិនីយើងដែលបានសម្ដែងមតិក្នុងការគាំទ្រនៅគម្រោងជិកព្រែកហ្វូណនតេជោ ដោយរាជរដ្ឋាភិបាលកម្ពុជា បានបន្តគិតគូរយ៉ាងម៉ត់ចត់ ក្នុងការអភិវឌ្ឍន៍ព្រែកជិកហ្វូណនតេជោនេះ ដែលជាសេដ្ឋកិច្ចមួយដ៏សំខាន់ក្នុងប្រទេសកម្ពុជា និងជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កូនចៅជំនាន់ក្រោយ ហើយប្រជាពលរដ្ឋក្នុងខេត្តរបស់យើងបានគាំទ្រយ៉ាងពេញទំហឹងនៅគម្រោងព្រែកជីកហ្វូណនតេជោ។

លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ចាជីវ: ខេត្តព្រះសីហនុ បានអាននៅសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ”សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”ដែលជាចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យការងារ សំដៅប្រែក្លាយទៅជាចលនាជាតិមួយ នៅកន្លែងធ្វើការងារ ដែលគ្រប់ភាគីពាក់ព័ន្ធជាពិសេស កម្មករនិយោជិត និងនិយោជក ចូលរួមអនុវត្ត ដើម្បីបង្កើតបាននូវវប្បធម៌អនុលោមភាពតាមច្បាប់ សុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ និងការទទួលខុសត្រូវផ្នែកសង្គមរបស់សហគ្រាស ។

ក្នុងឱកាសជួបសំណេះសំណាលខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៤ នេះដែរកម្មករនិយោជិកចំនួន ៨០០នាក់ក្នុងម្នាក់ៗទទួលបាន ២ម៉ឺនរៀល ហើយចំពោះអ្នកមានផ្ទៃពោះ ១៩នាក់ក្នុងម្នាក់ៗទទួលបាន ២០ម៉ឺនរៀលបន្ថែមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង