ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីរ៉ង់ប្តេជ្ញាឆ្លើយតបយ៉ាង «បំផ្លិចបំផ្លាញ» ខណៈអាមេរិកព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន

41

វ៉ាស៊ីនតោន៖ប្រទេសអ៉ីរ៉ង់បានប្រកាសនៅថ្ងៃសុក្រនេះថា ការឆ្លើយតបរបស់ខ្លួនចំពោះការគំរាមកំហែងថ្មីៗពីសហរដ្ឋអាមេរិក នឹងបង្កជាផល «បំផ្លិចបំផ្លាញ» បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្តេជ្ញាដាក់ទណ្ឌកម្មហិរញ្ញវត្ថុធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្តិសាស្ត្រ ក្នុងគោលបំណងផ្តួលរំលំថ្នាក់ដឹកនាំអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានឱ្យដឹងថាលោកនឹងផ្តល់ព័ត៌មានលម្អិតនៅថ្ងៃចន្ទសប្តាហ៍ក្រោយ អំពីផែនការដាក់ទណ្ឌកម្មនេះ ដែលធ្វើឡើងបន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានព្រមានពីផលវិបាកសេដ្ឋកិច្ចធ្ងន់ធ្ងរប្រឆាំងនឹងប្រទេសណាដែលហ៊ានផ្តល់ «ខ្សែជីវិតសេដ្ឋកិច្ចដល់អ៉ីរ៉ង់»។

ជាការឆ្លើយតប អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ បានគូសបញ្ជាក់ដូច្នេះថា «ជាមួយនឹងការត្រៀមខ្លួនជាស្រេចនៅទូទាំងដែនគោក ដែនទឹក ដែនអាកាស ការពារដែនអាកាស និងលំហអ៊ីនធឺណិត កងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ នឹងឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីរបស់សត្រូវ ជាមួយនឹងការវាយបកកម្ទេច ដាក់ទណ្ឌកម្ម និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុត»។

ទន្ទឹមនឹងនេះ ប្រធានសភាអ៉ីរ៉ង់ លោក Mohammad Baqer Qalibaf បានលើកឡើងថាសហរដ្ឋអាមេរិកហាក់ដូចជាបានដឹងច្បាស់ថាខ្លួនមិនអាចយកឈ្នះក្នុងការប្រឈមមុខផ្នែកយោធាដោយផ្ទាល់បានឡើយ ទើបងាកមកប្រើប្រាស់សង្គ្រាមសេដ្ឋកិច្ចបែបនេះ។ លោកបានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលថាបានងាកទៅរក «សង្គ្រាមសេដ្ឋកិច្ច និងសង្គ្រាមចិត្តសាស្ត្រ» ដើម្បីដាក់គំនាបលើទីក្រុងតេហេរ៉ង់។

គួរបញ្ជាក់ថា ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានកើនឡើងដល់កម្រិតកំពូលថ្មីមួយទៀត ខណៈដែលសហរដ្ឋអាមេរិកកំពុងជំរុញឱ្យបណ្តាសម្ព័ន្ធមិត្តទាំងអស់ ចូលរួមក្នុងយុទ្ធនាការកាត់ផ្តាច់សេដ្ឋកិច្ចអ៉ីរ៉ង់ឱ្យនៅឯកោទាំងស្រុងនៅលើឆាកអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង