ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ព្រឹកនេះបានចូលរួមបើកវិញ្ញាណសារប្រឡងជ្រើសរើសនាយទាហានក្របខ័ណ្ឌក្រសួងការពារជាតិឆ្នាំ២០១៩

79

ភ្នំពេញ៖  នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះ ក្រសួងការពារជាតិបានចាប់ផ្ដើមដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ដ្រីយោធា នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ ហើយតាមបណ្ដាយោធភូមិភាគនីមួយៗទូទាំងប្រទេសកម្ពុជា នឹងចាប់ផ្តើមផងដែរ។

   តាមសេចក្ដីជូនដំណឹងរបស់​ ក្រសួងការពារជាតិ បានបញ្ជាក់ថា មណ្ឌលប្រឡងនៅទូទាំងប្រទេស រួមមាន ទី១, មណ្ឌលប្រឡងរាជធានីភ្នំពេញ ទី២, មណ្ឌលប្រឡងយោធភូមិភាគទី១ (ខេត្តស្ទឹងត្រែង) ទី៣, មណ្ឌលប្រឡងយោធភូមិភាគទី២ (ខេត្តកំពង់ចាម) ទី៤, មណ្ឌលប្រឡងយោធភូមិភាគទី៣ (ខេត្តកំពត) ទី៥, មណ្ឌលប្រឡងយោធភូមិភាគទី៤ (ខេត្ដសៀមរាប)
និងទី៦៖មណ្ឌលប្រឡងយោធភូមិភាគទី៥ (ខេត្តបាត់ដំបង)។
  សម្រាប់ដំណើរការប្រឡងនៅព្រឹកនេះ នាមណ្ឌលប្រឡងបាក់ទូក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការប្រលងជ្រើសរើសនាយទាហាន កងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩ រួមជាមួយលោកមាន ចាន់យ៉ាដាអភិបាលរងរាជធានីភ្នំពេញក៏បានចុះធ្វើការត្រួតពិនិត្យផ្ទាល់និងបើកវិញ្ញាសារផងដែរ។
  ដើម្បីធានាដល់តម្លាភាព សុក្រឹត យុត្តិធម៌ក្នុងការប្រឡងនេះ លោមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់ រឹតបន្តឹងវិន័យប្រឡង ដោយហាមដាច់ខាតមិនឲ្យអ្នកគ្មានភារកិច្ចចូលមណ្ឌលប្រឡងនោះឡើយ រួមទាំងមន្ត្រីយោធាដែលពាក់ផ្កាយពីរ ផ្កាយបីផងដែរ ហើយការដាក់បំរាមរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងបន្ទាប់ពីបានសង្កេតឃើញថា ការប្រឡងបណ្ដាឆ្នាំកន្លងទៅមានមន្ដ្រីយោធាជាន់ខ្ពស់មួយចំនួន គ្មានភារកិច្ចក្នុងការប្រឡង​បានជូនកូន ក្មួយ ឬសាច់ញាតិ ចូលក្នុងមណ្ឌលប្រឡង។
   លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​បានណែនាំដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅដល់ក្រុមការងារថ្នាក់កណ្តាល នៃអនុគណៈកម្មការប្រឡងជ្រើសរើស ក៏ដូចជាគណៈមេប្រយោគ អគានុរក្ស និងអនុរក្ស និងផ្សេងមិនឲ្យមានការអន្តរាគមន៍ និងមិនត្រូវមានមនោសញ្ចេតនាចំពោះបុគ្គល ត្រូវមានមនោសញ្ចេតនាទូទៅ ដោយការប្រកួតប្រជែង និងត្រូវរៀបចំផែនការ អនុវត្តនិតិវិធីឲ្យបានច្បាស់លាស់ និងអនុវត្តបទបញ្ជាឲ្យបានម៉ឺងម៉ាត់នៅក្នុងការដឹកនាំ និងដំណើរការនៃការប្រលងជ្រើសរើសនាយទាហាន នៃកងយោពលខេមរភូមិន្ទឆ្នាំ២០១៩ ឲ្យមានសុក្រិតភាព និងប្រសិទ្ធភាព។
   គួរបញ្ជាក់ដែរថា ការប្រលងជ្រើសរើសនាយទាហាន នៃកងយោពលខេមរភូមិន្ទ វគ្គនាយទាហានសកម្មជំនាន់ទី២៣ វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី១១ វគ្គនាយទាហានបន្តវេនជំនាន់ទី១២ និងវគ្គនាយទាហានជំនាញបច្ចេកទេសយោធា ឆ្នាំ២០១៩នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៧ ខែមករា ឆ្នាំ២០១៩ ដែលផ្ដោតទៅលើវិញ្ញាសាចំណេះដឹងទូទៅ ភាសាបរទេស និងវិញ្ញាសាកីឡាកាយសម្បទា៕​
អត្ថបទដែលជាប់ទាក់ទង