ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិវាមួយម៉ោងសម្រាប់ភពផែនដី ធ្វើឡើងដោយការបិទភ្លើងរយៈពេលមួយម៉ោង

95

ភ្នំពេញ: «យើងទាំងអស់គ្នាដែលជាបុគ្គលម្នាក់ៗគ្រួសារនីមួយៗ ដែលកំពុងរស់នៅលើភពផែនដីនេះអាចចូលរួម ក្នុងការការពារភពផែនដីរបស់យើង បានដោយគ្រាន់តែចូលរួមសន្សំសំចៃការប្រើប្រាស់ទឹក សន្សំសំចៃការប្រើ
ប្រាស់ចរន្តអគ្គិសនី ចូលរួមដាំដើមឈើ និងកាត់បន្ថយសំណល់រឹងរាវសំ រាម កាត់បន្ថយការដុតប្រេងឥន្ធនៈផូស៊ីល បិទម៉ាស៊ីនត្រជាក់ កំព្យូទ័រ និងសម្ភាៈប្រើប្រាស់ចរន្តអគ្គិសនីផ្សេងទៀតនៅពេលដែលលោកអ្នកចាក
ចេញពីការិយាល័យ ឬពីផ្ទះរបស់លោកអ្នក ព្រមទាំងប្រើប្រាស់សម្ភារៈដែលស៊ីភ្លើងតិច និងរស់នៅក្រោមប្រតិបត្តិបរិស្ថានល្អ»។ នេះគឺជាការអំពាវនាវរបស់រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា នៅរាត្រីថ្ងៃទី
៣០ ខែមីនា ឆ្នាំ២០១៩ នៅក្នុងឱកាសនៃការប្រារព្ធពិធីទិវា “មួយម៉ោង​សម្រាប់​ភពផែនដី”ឆ្នាំ២០១៩ ក្រោមប្រធានបទ “ភ្ជាប់ទំនាក់ទំនងជាមួយនឹងផែនដី” នៅក្នុងបរិវេណផ្សារទំនើបអ៊ីអន ២ សែន សុខដោយមាន ការចូលរួមជាច្រើនរយនាក់។

​«ទិវាមួយម៉ោងសម្រាប់ភពផែនដី» ត្រូវបានចាប់ផ្តើមប្រារព្ធ​លើកដំបូងនៅឆ្នាំ២០១៦ ដោយក្រសួងបរិស្ថានសហការជាមួយអង្គការមូលនិធិសកល ដើម្បីអភិរក្សធនធានធម្មជាតិ (WWF) ហើយសម្រាប់ឆ្នាំ២០១៩នេះ ជាលើកទី៤ នៃការប្រារព្ធទិវានេះ។ លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថាគោលបំណង​នៃការប្រារព្ធទិវានេះ គឺបំផុស​ចលនាមហាជនឱ្យ​ចូលរួម​ទទួលខុសត្រូវលើការប្រើប្រាស់ថាមពលប្រកបដោយ​និរន្តរភាពបរិស្ថាន ដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមាន និង​ជួយ​សង្គ្រោះ​ភពផែនដីរ​បស់យើងពីការកើនកំដៅ។ ​ដើម្បីធានាបានការរួមចំណែកនៅក្នុងការទប់ស្កាត់កំណើនកំដៅ​ភពផែនដី និងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នានា ​​ជាពិសេសការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច ចាំបាច់ត្រូវ​យកចិត្ត​ទុកដាក់ ក្នុងការប្រើប្រាស់ថាម
ពល​ប្រកបដោយនិរន្តរភាពបរិស្ថាន ដោយផ្តោត​សំខាន់ទៅ​លើការ​ប្រើប្រាស់ ថាមពលកកើតឡើងវិញ ការប្រើ​ថាមពលដោយវៃឆ្លាត។

​លោក សេង ទៀក ប្រធានអង្គការមូលនិធិសកលដើម្បីអភិរក្សធនធានធម្មជាតិ បានថ្លែងថាការបិទភ្លើងមួយម៉ោង គឺជាការបង្ហាញពីការសន្យាខ្ពស់របស់ប្រជាពលរដ្ឋដែលសកកម្មចូលរួម និងនាំគ្នាពិភាក្សាពីធម្មជាតិ ពីសមុទ្រ ពីសត្វព្រៃនិងពីព្រៃឈើ។ ទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំនេះគឺការភ្ជាប់ទំនាក់ ទំនងទៅនឹងភពផែនដី។​ វាជាការអំពាវនាវឱ្យប្រជាពលរដ្ឋក្នុងពិភពលោកភ្ជាប់ទំនាក់ទំនងរបស់ខ្លួនឱ្យជិត បំផុតនឹងបញ្ហាបរិស្ថាន យកចិត្តទុកដាក់ ចូលរួមពិភាក្សា និងរកដំណោះស្រាយពីបញ្ហាបរិស្ថានដែលយើង កំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ។ ទិវាមួយម៉ោងសម្រាប់ភពផែនដីនេះ នឹងជំរុញឱ្យមានការបើកទូលាយ លើការសន្ទនាក្នុងសង្គមអំពីបញ្ហាបរិស្ថាន និងជីវៈចម្រុះដើម្បីឱ្យប្រជាជនមានការយល់ដឹងកាន់តែស៊ីជម្រៅថា មនុស្សជាផ្នែកមួយនៃជីវៈចម្រុះ និងជីវៈចម្រុះជាផ្នែកមួយនៃភាពសុខុដុមរមនារបស់យើង ទាំងអស់គ្នា។

​ការប្រារព្ធទិវា «មួយម៉ោង​សម្រាប់​ភពផែនដី» នៅឆ្នាំនេះធ្វើឡើងក្នុងបរិបទមួយដែលកម្ពុជា ក៏ដូចជាប្រទេសមួយចំនួននៅតំបន់ បាននិងកំពុងទទួលរងឥទ្ធិពលបាតុភូតអែល នីណូ ដែលបានបង្កឱ្យធាតុអាកាសនារដូវប្រាំងនេះ ជាពិសេសក្នុងអំឡុងខែមេសា និងឧសភាខាងមុខ មានសភាពក្តៅហួតហែង សីតុណ្ហភាពអតិបរមានៅពេលខ្លះអាចហក់ឡើងដល់ ៤០ ទៅ៤២ អង្សាសេ។ អាកាសធាតុក្តៅហួតហែងរបៀបនេះបាននិងកំពុងជះឥទ្ធិពល ដោយប្រយោលមកលើប្រទេសកម្ពុជា ធ្វើឱ្យមានរំហួតទឹកឆាប់រហ័ស ប្រភពទឹក មួយចំនួនបានរីងស្ងួត និងធ្វើឱ្យការប្រើប្រាស់ទឹក និងចរន្តអគ្គិសនីកើនឡើង។ នេះគឺជាសញ្ញាមួយយ៉ាងច្បាស់បង្ហាញពីផលប៉ះពាល់ ដែលកើតចេញពីការប្រែប្រួលអាកាសធាតុ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា នៅសល់រយៈពេលជិត ​២ ខែទៀត ទើបរដូវវស្សាចាប់ផ្តើម ហើយក្នុងរយៈពេលនេះ កម្ពុជាបាននិងកំពុងទទួលរងនូវឥទ្ធិពលបាតុភូត
អែលនីណូ ធ្វើឱ្យអាកាសធាតុក្ដៅហួតហែង។ អាកាសធាតុក្តីហួតហែងរបៀបនេះនឹងធ្វើឱ្យធនធានធម្មជាតិ ព្រៃឈើ នៅក្នុងប្រទេសកម្ពុជា ងាយទទួលរងនូវបាតុភូតភ្លើងឆេះព្រៃ ដោយសារកត្តាធម្មជាតិ និងសកម្មភាពមនុស្ស។ តាមការកត់សម្គាល់របស់ក្រសួងបរិស្ថាន យោងតាម​​របាយការណ៍ ពីថ្នាក់ក្រោម
ជាតិ ថ្នាក់ជាតិ និងថ្នាក់តំបន់បញ្ហាភ្លើងឆេះព្រៃតែងតែកើតមាននៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះនានារបស់ប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំជាពិសេសក្នុងរដូវប្រាំង។ កត្តាចម្បងដែលបង្កឱ្យ
មាន ភ្លើងឆេះព្រៃ ញឹកញាប់បំផុតនារដូវប្រាំង មានជាអាទិ៍៖ ការកាប់ឆ្ការដុតរានព្រៃធ្វើជាកម្មសិទ្ធិដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេរចរ ការតាំងទីលំនៅថ្មីៗនិងការដុតព្រៃដើម្បីចាប់សត្វព្រៃនិង ការធ្វេសប្រហែសរបស់មនុស្ស។ល។

ដើម្បីបង្ការនិងទប់ស្កាត់ភ្លើងឆេះព្រៃ លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានលើកឡើងថា ក្រសួងបរិស្ថាន សូមធ្វើការអំពាវនាវដល់អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថាន អាជ្ញាធរមានសមត្ថកិច្ចរួមទាំងសហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យអនុវត្តវិធានការដូចខាងក្រោម៖«១- ទប់ស្កាត់ និងណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីការប្រើប្រាស់ភ្លើងជាមធ្យោបាយ ដើម្បី ប្រមូលផល អនុផលព្រៃឈើ ការដុតព្រៃស្ទាក់ចាប់សត្វ និងការដុតវាលស្មៅ។ល។ ២-ទប់ស្កាត់ការកាប់ឆ្ការ ទន្រ្ទាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ក្នុងគោលបំណងផ្សេងទៀត ដែលជាសកម្មភាពល្មើសច្បាប់ និងបង្កឱ្យមានភ្លើងឆេះព្រៃឈើ ព្រៃលិចទឹក និងរាលដាល ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ស្នាក់ការ ស្នាក់ការរង និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ។ ៣-ត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើភ្លើងជាមធ្យោបាយក្នុងការដុតកាកសំណល់ផ្សេងៗ នៅក្នុង តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។ ៤-អាជ្ញាធរពាក់ព័ន្ធត្រូវណែនាំអ្នកពាក់ព័ន្ធ អនុវត្តវិធានការបច្ចេកទេសសមស្រប ដែលអាចធានាសុវត្ថិភាពចំពោះភ្លើងព្រៃដោយត្រូវពន្លត់ភ្លើងឱ្យអស់ជាចាំបាច់មុនពេលចាកចេញពីទីតាំងប្រើប្រាស់ភ្លើង។ ៥-ក្នុងករណីកើតមានភ្លើងឆេះព្រៃធ្ងន់ធ្ងរ សូមសមត្ថកិច្ចពាក់ព័ន្ធប្រញាប់ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់តាមរយៈការប្រកាសអាសន្ន ហើយគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវដឹកនាំបញ្ជាផ្ទាល់ក្នុងការប្រើកម្លាំងចម្រុះ រួមមាន ប្រជាពលរដ្ឋ សហគមន៍ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលឈរជើងនៅក្នុងមូលដ្ឋាននោះ រួមគ្នាទប់ស្កាត់ និងពន្លត់ភ្លើងព្រៃឱ្យមានប្រសិទ្ធភាព។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានបង្ហាញសុទិដ្ឋិនិយមយ៉ាងមុតមាំថា ស្មារតីនៃការប្រារព្ធ «ទិវាមួយម៉ោង​សម្រាប់​ភពផែនដី» នាពេលនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋទាំងអស់កាន់តែមានការយល់
ដឹង និងចូលរួមយ៉ាង​សកម្ម​ថែមទៀតក្នុងកិច្ចគាំពារបរិស្ថាន និងភពផែនដីយើងប្រកបដោយនិរន្តភាពនិងស្រស់បំព្រង៕

អត្ថបទដែលជាប់ទាក់ទង