ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោរលួចម្នាក់ ក្រោយចេញពី​គុក​វិញ ​ក្លាយ​មេខ្លោងចោរ

128

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​កាលពីមុន​គឺ​ត្រឹម​ជា​មុខសញ្ញា​លួច​កំប៉ិកកំប៉ុក​ និង​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​មួយ​រយៈពេល​កន្លង​មក​ហើយ​។ លុះ​ក្រោយ​ពី​ចេញពី​គុក​វិញ មិន​ត្រឹមតែ​មិន​ព្រម​រាងចាលថែម​ទាំង​ចេះ​ជំនាញ​ខាង ចោរកម្ម​នេះ​យ៉ាង​ស្ទាត់​រហូត​ក្លាយទៅជា​មេខ្លោង​ តែងតែ​ធ្វើ​សកម្មភាព​កាប់ វាយ​ប្លន់​យក​លុយ​ព្រមទាំង​ម៉ូតូ និង​ឆក់​កាបូប​នៅ​តាម ដងផ្លូវ​យ៉ាង​សកម្ម ជា​ពិសេស​ភាគច្រើន​ឆក់​ប្លន់​កាបូប​ជន​បរ​ទេ​យ៉ាង​កក្រើក​បាន​សម្រេច​រាប់​ដង​មិន​អស់ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​សែន​ជ័យ​ នៅ​ទីតាំង​ធ្វើ​សកម្មភាព​ញឹកញាប់​ជាងគេ​នោះ​គឺ នៅ​ចំណុច​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តែ​ម្ដង ទើបតែ​ពេល​នេះ​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ ពោធិ៍​សែន​ជ័យ​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឆ្មក់​ចូល​ទៅ​ចាប់ខ្លួន​បាន​។

ការ​ចាប់ខ្លួន​នោះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ភូមិ​សាមគ្គី សង្កាត់​ង្រ​ពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ឈ្មោះ រុន តរៈ សេត អាយុ​១៩​ឆ្នាំ គ្មាន​មុខរបរ​​មេចោរ​ប្លន់ និង​ឆក់​ សព្វថ្ងៃ​ស្នាក់​នៅ​ក្នុងភូមិ កើតហេតុ​ខាងលើ​។ ក្រោយ​ពី​ឃាត់ខ្លួន​នគរបាល​ដកហូត​បាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ក្រហម​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ​1HR-6715 ដែល​ជន​នេះ​ប្រើ​ជា​មធ្យោបាយ ចេញ​ធ្វើ​សកម្មភាព​កាប់​ប្លន់ និង​ឆក់​រាល់ថ្ងៃ​។

ដោយឡែក​ស្ត្រី​ម្នាក់​ដែល​ជា​សាច់ញាតិ​ក៏​ត្រូវ​បាន​នគរបាល ឃាត់ខ្លួន នាំ​ទៅ​សាកសួរ​ដែរ ព្រោះ​គាត់​បាន​រារាំង​យ៉ាង​ខ្លាំង​ដល់​ការងារ​របស់​កងកម្លាំង​ដែល​កំពុង ចុះ​ចាប់​ជនសង្ស័យ​ខាងលើ​។ នគរបាល​បាន​និយាយ​ថា ជនសង្ស័យ​ម្នាក់​នេះ កាលពី​អតីត​គឺ​គ្រាន់តែ​ជា ចោរលួច​របស់របរ​កំប៉ិកកំប៉ុក​ប៉ុណ្ណោះ ហើយ​ក៏​លួច​មិន​រើសមុខ​ ហើយ​ក្រោយមក​ត្រូវ​បាន ជាប់​ពន្ធនាគារ​មួយ​រយៈពេល​ពី​បទ​លួច​។ លុះ​ក្រោ​ពេល​បាន​ចេញពី​គុក​វិញ​មិន​បាន​រាងចាល​ ហើយ​រឹតតែ​មាន​ជំនាញ​ខាង​ចោរកម្ម​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​ ដោយ​បាន​បង្កើត​ក្រុម​ចេញ​ធ្វើ សកម្មភាព​វាយ និង​កាប់​ប្លន់​យក​ម៉ូតូ​តាម​ផ្លូវ​ព្រមទាំង​ឆក់​កាបូប​យ៉ាង​សកម្ម​បំផុត ជា​ពិសេស ប្រព្រឹត្ត​ទៅ​លើ​ជនបរទេស​ភាគច្រើន​ជនជាតិ​ចិន​ដែល​រង​គ្រោះ​ច្រើន​ជាងគេ​។ ការចាប់​ជន​នេះ​ យោងតាម​ដីកា បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ បន្ទាប់​មក​នគរបាល​បាន​បញ្ជូន​ជន​នោះ ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង