ចាប់ជនសង្ស័យ ២ នាក់ ដឹកជ្រូក ៤ ក្បាល ពីវៀតណាម កាត់ព្រៃ ចូលកម្ពុជា ក្បែរច្រកទ្វារតំបន់ដូង
ខេត្តស្វាយរៀង៖ ជនសង្ស័យ ២ នាក់ ដឹកជ្រូក ៤ ក្បាល ពីវៀតណាម កាត់ព្រៃ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូង និងកម្លាំងប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនដូង សហការជាមួយមន្ត្រីគយច្រកដូង ចាប់ឃាត់ខ្លួន ប្រគល់អោយមន្ត្រីជំនាញបសុសត្វ។
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា យប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង២១,៤៣ នាទីនៅចំណុចផ្លូវកាត់ព្រៃ ខាងជេីងច្រកទ្វារតំបន់ដូង ប្រមាណ ៣ គីឡូម៉ែត្រ ស្ថិតភូមិពោន ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូង នៃអធិការដ្ឋាននគរបាលស្រុករមាសហែក រួមជាមួយកម្លាំងប៉ុស្តិ៍ព្រំដែនតំបន់ដូង សហការជាមួយមន្ត្រីគយ បានធ្វេីការឃាត់ជនសង្ស័យ ២ នាក់ បេីកម៉ូតូ ២ គ្រឿង មានដឹកជ្រូកចំនួន ៤ ក្បាល នាំចូលពីប្រទេសវៀតណាមដោយខុសច្បាប់។
ជនសង្ស័យទី ១ មានឈ្មោះសោម វាសនា ភេទប្រុស និងទី ២ ឈ្មោះ សោម ឆេរ៉ាន់ ភេទប្រុស មានទីលំននៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក។
បច្ចុប្បន្នជនស្ស័យរួមនិងវត្ថុតាង ជ្រូក ៤ ក្បាលនិងម៉ូតូ ២ គ្រឿង ត្រូវនាំយកមករក្សាទុកនៅប៉ុស្តិ៍ច្រកទ្វាតំបន់ដូង ដេីម្បីប្រគល់ឲ្យជំនាញបសុសត្វ ដេីម្បីធ្វេីការពិនិត្យ និងចាត់ការតាមនីតិវិធី៕