អភិបាលរាជធានីភ្នំពេញព្រមានដកតំណែងចំពោះមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចដែលកាងពីក្រោយបទល្មើសល្បែង ស៊ីសង នៅតាមមូលដ្ឋាន
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញបានព្រមានថានឹងវះកាត់ចំពោះមន្រ្តីណាដែលកាងពីក្រោយបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅមូលដ្ឋាន ដើម្បីទប់ស្កាត់កុំអោយបទល្មើសប្រភេទនេះនៅរាជធានីភ្នំពេញ កើតមានឡើងយ៉ាងអាណាធិបតេយ្យតទៅទៀត ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលធ្វើយ៉ាងណាអោយភូមិ សង្កាត់មានសុវត្ថិភាព បង្កើនភាពកក់ក្តៅជូនប្រជាពលរដ្ឋ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា អាជ្ញាធរនិងកម្លាំងសមត្ថកិច្ចតាមមូលដ្ឋានទំាងអស់ត្រូវបញ្ឈប់ជាបន្ទាន់ពីការទទួលសំណូករបស់ជនខិលខូចមួយចំនួន ដើម្បីបើកឱកាសឲ្យមានសកម្មភាពប្រព្រឹត្ត បទល្មើសល្បែងស៊ីសងខុសច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បើពុំដូច្នេះទេនឹងត្រូវវះកាត់អស់បុណ្យសក្តិជាមិនខាន។
លោកបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់សណ្តាប់ធ្នាប់សាធារណៈ កុំប៉ៈពាល់លុយគេអោយសោះ បើប៉ៈពាល់លុយគេហើយ ដោះមិនចេញទេ ហើយវានឹងប៉ៈពាល់ដល់ការងាររបស់ខ្លួន ខ្ញុំនឹងតម្រឹមរឿងហ្នឹង បើប៉ៈពាល់លុយគេទៀត ខ្ញុំត្រូវ សារ៉េចេញ ចូលអភិក្រមចុងក្រោយគឺវះកាត់ចេញហើយ។
លោកចាត់ទុកថា ការទទួល សំណូកពីជនល្មើសទំាងនោះគឺជាទង្វើរខុសច្បាប់ដែលមិនអាចលើកលែងអោយបានឡើយ។ដូច្នេះទេអាជ្ញាធរមូលដ្ឋានទំាងអស់ត្រូវដោះស្រាយបញ្ហាល្បែងស៊ីសងខុសច្បាប់នេះ ឲ្យខាងតែបានដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងសង្គម។
លោកអភិបាលរាជធានីភ្នំពេញបានព្រមានបែបនេះក្នុងឱកាសប្រកាសស្តីពីការដាក់ឲ្យដំណើរការរដ្ឋបាលខណ្ឌបឹងកេងកងនិងប្រកាសក្រុមប្រឹក្សាបឹងកេងកង កាលពីរសៀលថ្ងៃទី២០ ខែមិថុនា នៅសាលាប៊ែលធី ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។
ក្រៅពីនេះលោកអភិបាលរាជធានីភ្នំពេញក៏បានណែនាំដល់អាជ្ញាធរ ខណ្ឌសង្កាត់ទំាងអស់ត្រូវចុះរុះរើស្លាកយីហោ បរទេសដែលខុសច្បាប់ សរសេរខុសពាក្យ ពេជន៍ គ្មានខ្លឹមសារ និងខុសទម្រងបែបជាភាសាជាតិ ត្រូវកាត់ចេញហើយយកមកអប់រំតាមផ្លូវច្បាប់ ដែលការពារតម្លៃវប្បធម៌ជាតិនិងសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម។
លោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកងបានប្តេជ្ញាពង្រឹងកិច្ចសហការជាមួយ គណៈអភិបាលដើម្បីធានាប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅក្នុងសង្គម ដូចជា ជាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អមានគុណភាពខ្ពស់ ដោះស្រាយបញ្ហា សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងកេ្មងទំនើងជាដើម។
សូមបញ្ជាក់ថា ខណ្ឌបឹងកេងកងត្រូវបានបង្កើតឡើងតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី៨ខែមករា ឆ្នាំ២០១៩នេះ ដោយបំបែកចេញពីខណ្ឌចំការមន ក្នុងនោះមានចំនួន៧ គឺសង្កាត់បឹងកេងកង១ បឹងកេងកង២ បឹងកេង៣ អូឡាំពិក ទំនប់ទឹក ទួលស្វាយព្រៃទី១ និងសង្កាត់ទួលស្វាយព្រៃទី២៕