ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកការដ្ឋានសាងសង់អគារសមាគមនិកាយចិនទៀជីវនិងអាគារសាកលវិទ្យាល័យទួនហ្វា ចំណាយថវិកា ប្រមាណ១០លានដុល្លារ

224
ភ្នំពេញ៖ អគារសមាគមនិកាយចិនទៀជីវនិងអាគារសាកលវិទ្យាល័យទួនហ្វា នឹងចេញរូបរាងនាពេលដ៏ខ្លីខាងមុខនេះដើម្បីបម្រើឱ្យសកម្មភាពសមាគមនិកាយចិនទៀជីវនិងការបណ្តុះបណ្តាលធនធានមនុស្ស តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បណ្ដុះបណ្ដាលធនធានមនុស្សដើម្បីអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើន។
  អគារសមាគមនិកាយចិនទៀជីវនិងអាគារសាកលវិទ្យាល័យទួនហ្វា គ្រោងនឹងចំណាយថវិកាលើការសាងសង់ប្រមាណ១០លានដុល្លារ ដោយបានធ្វើពិធីក្រុងពាលីនិងបញ្ចុះបឋមសិលាដើម្បីបើកការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៩នេះ ក្រោមវត្តមានលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកស្រី លោកលី ជា តំណាងស្ថានទូតចិនប្រចាំកម្ពុជា លោកឡៅ ម៉េងឃីម ប្រធានសមាគមនិកាយចិនទៀជីវ លោកស្រីជុំ សុភាពអនុប្រធានកាកបាទក្រហមកម្ពុជា និងលោកពុងឃាងសែ ប្រធានសម្ព័ន្ធខ្មែរចិនប្រចាំប្រទេសកម្ពុជា។
   លោកឃួង ស្រេង បានលើកឡើងថា អគារសមាគមននិកាយចិនទៀជីវនិងអគារសាកលវិទ្យាល័យទួនហ្វា មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ ។ លោកបន្តថា  ដើម្បីអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនទៅមុខថែមទៀត ដាច់ខាតត្រូវតែមានធនធានមនុស្សដ៏ល្អ ។ ដូច្នេះទេក្មួយៗទាំងអស់ត្រូវខិតខំរៀនសូត្រអោយក្លាយជាទំពាំងស្នងឫស្សីដ៏ល្អ ។
    លោកបន្តទៀតថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រី បានបើកទូលាយឲ្យមាន សាលារៀន បង្រៀនស្ទើរគ្រប់ភាសា ដោយហេតុថា ភាសាគឺជាយានមួយក្នុងការទំនាក់ទំនងរវាងប្រទេសមួយទៅប្រទេសមួយ ។ អនុវត្តតាមយុទ្ធសាស្រ្តផ្លូវមួយ ខ្សែក្រវ៉ាត់មួយ កម្ពុជា ចិនបាន បង្កើនការបណ្តុះបណ្តាល ការអប់រំ វប្បធម៌ និងទេសចរណ៍ កាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។ បន្ថែមពីលើនេះទៀតកម្ពុជាបានបើកទូលាយឱ្យគ្រប់សមាគមន៍ សហគមន៍ អង្គការមិនមែនរដ្ឋាភិបាលធ្វើសកម្មភាពដើម្បីជំរុញឲ្យប្រទេសកម្ពុជាជាប្រទេសមួយប្រកាន់ ទៅដោយលទ្ធិប្រជាធិបតេយ្យ ។
  លោកឡៅ ម៉េងឃីម ក្នុងឱកាសនោះបានមានប្រសាសន៍បញ្ជាក់ថា អគារសមាគមនិងសាលាខាងលើ នឹងត្រូវចំណាយថវិកាប្រមាណ ១០លានដុល្លារសហរដ្ឋអាមេរិកលើផ្ទៃដីជាង ១៣០០០ម៉ែត្រការ៉េ  ដើម្បីបម្រើអោយសកម្មភាពសមាគមនិកាយចិនទៀជីវនិងការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងសាលាទួនហ្វា ហើយសាលានេះនឹងសាងសង់ឡើងខ្នងកំពស់៦
ជាន់ សាងសង់អគារសំរាប់សិស្សានុសិស្សក៏ដូចជាលោកគ្រូ ស្នាក់នៅ មានកំពស់ ៨ជាន់ផងដែរ ។សមិទ្ធផលទាំងនេះគឺពិតជាបានមកពីការរួមចំណែក ពីបងប្អូនសមាគមចិនទាំងអស់គ្នា៕
អត្ថបទដែលជាប់ទាក់ទង