ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ យល់ព្រម ដកលោក យន្ត មីន ដោយជំនួសលោក គួច ចំរើន និងដកលោក ញឹម វណ្ណដាមួយទៀត

93

ភ្នំពេញ៖  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារតាមផេកផ្លូវការរបស់លោកថា យល់ព្រមឱ្យ លោក យន្ត មីន លាលែងពីតំណែងអភិបាលខេត្តព្រះសីហនុ ហើយសម្រេចផ្ទេរ លោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុវិញ និងដក លោក ញឹម វណ្ណដា ពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ដោយមូលហេតុខ្វះការទទួលខុសត្រូវ និងភូតភរ។

ដោយសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាម Facebook យ៉ាងដូច្នេះថា៖ “ក្នុងពេលបំពេញការងារនៅខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានទទួលស្គាល់កំហុសលើ
ការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលបណ្តាលអោយមានរឿងឈឺចាប់
កើតឡើង។គាត់បានស្នើមកខ្ញុំដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ។
ខ្ញុំបានយល់ព្រមអោយគាត់លាលែងនិងបានពិភាក្សាជាមួយ សម្តេច ស ខេង យកឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។ ទោះជាមានការរៀបចំបែបនេះ ក៏ដោយក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំយុទ្ធនាការរុករក និងសង្រ្គោះតទៅទៀត
រហូតចប់កិច្ចការនិងអភិបាលខេត្តថ្មីចូលកាន់តំណែង។ ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះ ខ្ញុំបានសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ”៕

អត្ថបទដែលជាប់ទាក់ទង