ការិយាល័យច្រកចេញ-ចូលតែមួយ ខណ្ឌចំការមនដោះដូរមកទីតាំងថ្មីនៅកោះពេជ្រ
ភ្នំពេញ៖លោកថេង សុថុល អភិបាលខណ្ឌចំការមន បានអោយដឹងនៅព្រឹកថ្ងៃទី២៤ខែមិថុនានេះថា ដោយរដ្ឋបាលខណ្ឌចំការមន ធ្វើការដោះដូរអគារសាលាខណ្ឌចំការមន ពីទីតាំងចាស់មកទីតាំងថ្មីនៅកោះពេជ្រ នៅជាប់ស្ថានីយ៍ពន្លត់អគ្គីភ័យកោះពេជ្រ ដែលស្ថិតនៅក្នុងមូលដ្ឋាន សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញហើយក្នុងនោះ ការិយាល័យច្រកចេញ ចូលតែមួយរបស់សាលាខណ្ឌចំការមន ក៏មកទីតាំងថ្មីនៅក្រោមដំបូលសាលាខណ្ឌចំការមន តែមួយដូចគ្នាដែរ។ដូចនេះរដ្ឋបាលខណ្ឌចំការមន មានកិត្តិយសសូមជម្រាប់ជូនដំណឹង ទៅដល់បងប្អូនប្រជាជនដែលរស់នៅ ក្នុងមូលដ្ឋានខណ្ឌចំការមន និង សិស្សនិស្សិត ស្ថាបណ័្ណរដ្ឋ និង ផ្នែកឯកជនទាំងអស់អោយបានជ្រាបថា៖ បច្ចុប្បន្នការិយាល័យច្រកចេញ ចូលតែមួយខណ្ឌចំការមនបានផ្លាស់ប្ដូរមក ទីតាំងថ្មីហើយស្ថិតនៅ ជាប់ស្ថានីយ៍ពន្លត់អគ្គីភ័យកោះពេជ្រក្នុងទីក្រុងកោះពេជ្រ វិថីកោះពេជ្រ ភូមិ១៤សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកថេង សុថុល អភិបាលខណ្ឌចំការមនបានលើកឡើង ដោយសង្កត់ធ្ងន់ថាការបង្កើតអោយ មានការិយាល័យច្រកចេញ-ចូលតែមួយនេះ ឡើងគឺក្នុងការចូលរួមលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការប្រមូលផ្តុំការផ្តល់សេវារដ្ឋបាល លើវិស័យនានានៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹង តម្រូវការចាំបាច់របស់ប្រជាជនរដ្ឋបាល ក្នុងរដ្ឋបាលខណ្ឌចំការមន រាជធានីភ្នំពេញ។ ការរៀបចំដាក់ឱ្យដំណើរការអង្គ្ភភាពច្រកចេញចូលតែមួយ គឺសម្រាប់ផ្តល់សេវារដ្ឋបាលជូន ប្រជាជននៅក្នុងក្របខ័ណ្ឌ សមត្ថកិច្ចរបស់រដ្ឋបាលខណ្ឌចំការមនរាជធានីភ្នំពេញ ៕