កិច្ចសន្ទនាទ្វេភាគីថ្នាក់ អនុរដ្ឋមន្ត្រី ការពារជាតិលើកទី៥ ស្តីពីគោលនយោបាយការពារជាតិ កម្ពុជានិងវៀតណាម
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀណាម ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯកបំរុង ង្វៀង ជីវិញ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ចូលជួបសម្តែងការគួរសម នៅវិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី។
គណៈប្រតិភូ ក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀណាម ដឹកនាំដោយ លោក ឧត្តមសេនីយ៍ឯកបំរុង ង្វៀង ជីវិញ បានអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីមកចូលរួមកិច្ចសន្ទនាទ្វេភាគីថ្នាក់ អនុរដ្ឋមន្ត្រី ការពារជាតិលើកទី៥ ស្តីពីគោលនយោបាយការពារជាតិ កម្ពុជានិងវៀតណាម។
នៅក្នុងជំនួបសម្តែងការគួរសមនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងក្តីសោមនស្សរីករាយចំពោះ លោក អនុរដ្ឋមន្ត្រី ដែល បានឆ្លៀតឱកាសដ៏មមាញឹកដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលនេះ ដែលស្របទៅតាមពិធីសារ និងផែនការកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំនៃក្រសួងការពារប្រទេសយើងទាំង២ ដែលបានដាក់ចេញ។
សម្តេចពិជ័យសេនាក៏បាន លើកឡើងនូវការរួមចំណែកដ៏ធំធេងក្នុងការកសាងកងយោពលខេមរភូមិន្ទ របស់កងទ័ពប្រជាជនវៀតណាមតាំងពីដើមរៀងរហូតមក ដោយមិនត្រឹមតែជួយជាស្មារតី និងសម្ភារៈប៉ុណ្ណោះទេ គឺកងទ័ពប្រជាជនវៀតណាម ថែមទាំងជួយបណ្ដុះបណ្ដាលធនធានមនុស្សឱ្យខ.ភ.មជារៀងរហូតទៀតផង។ ជាក់ស្តែងនៅក្នុង អនុស្សារណៈស្តីពី ផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ រវាងក្រសួងការពារជាតិនៃប្រទេសយើងទាំងពីរ កម្ពុជា-វៀតណាម ក៏បានបង្ហាញថារដ្ឋាភិបាល និងកងទ័ពប្រជាជនវៀណាម នៅតែបន្តយកចិត្តទុកដាក់ ជួយដល់ ខ.ភ.ម ជារៀងរហូត។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯកបំរុង ង្វៀង ជីវិញ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងអស់ដែលបាន ទទួលស្វាគមន៍ចំពោះគណៈប្រតិភូ របស់ឯកឧត្តមក្នុងពេលនេះ។
លោកបានបញ្ជាក់ថា៖ សព្វថ្ងៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ ពិសេសមានស្ថិរភាពនយោបាយ, សង្គម និងស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ ជាបន្តបន្ទាប់ ។ លោកក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំង២ គឺត្រូវបានកំណត់ នៅក្នុងអនុស្សារណៈជាប្រចាំឆ្នាំ ហើយយើងត្រូវខិតខំអនុវត្តឲ្យបានសំរេចជោគជ័យ។ ទោះបីសភាពការណ៍សាកលលោក សភាពការណ៍តំបន់ ក៏ដូចជាការវិវឌ្ឍន៍សភាពការណ៍ថ្មីៗដែលបានជះឥទ្ធិពលមកលើទំនាក់ទំនងនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាមក៏ដោយ ក៏ចំណងមិត្តភាព, សាមគ្គីភាពរវាងប្រទេសយើងទាំង២ នៅតែរឹងមាំជានិច្ច៕

