ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំរូល្អនៃអតីតសិស្សនិងគ្រូសាលាបាក់ទូកទសវត្សរ៍៨០ ចូលរួមបរិច្ចាគថវិកាបាន២ម៉ឺនដុល្លារ ជូនដល់ប្រមុខរាជរដ្ឋាភិបាលសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩

61

 

ភ្នំពេញ៖ជាគំរូល្អមួយដែលអតីតសិស្សនិងគ្រូសាលាបាក់ទូកមួយក្រុម ដែលបានបែកគ្នាជិត៣០ឆ្នាំ បានស្វែងរកគ្នារឹតចំណងមិត្តភាពឡើងវិញ ក្រោមគំនិតផ្តួចផ្តើមរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្កើតជាក្រុមក្នុងបណ្តាញសង្គម WhatsApp ជិត៣០០នាក់ មានទាំង គ្រូចូលនិវត្តន៍ មន្ត្រីរាជការ អ្នកជំនួញ កសិករ និងសាមញ្ញជនមានអ្នកនៅទីជនបទមានអ្នកនៅក្រុងរាជធានីភ្នំពេញ និងមានអ្នកនៅក្រៅប្រទេសក្នុងទ្វីបផ្សេងៗគ្នា តែងតែបង្ហាញនូវសកម្មភាពមនុស្សធម៌តាមរយៈការ បរិច្ចាគធនធានផ្ទាល់ខ្លួន ជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក និងបរិច្ចាគជួយ ដល់សង្គម កសាងសមិទ្ធិផលក្នុងសាលា ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗទៀតជាច្រើន តាមពាក្យស្លោករួមរបស់ពួកគាត់ គឺ “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក”។

តំណាងក្រុមបានលើកឡើងថា៖ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងប្រឈមជាមួយការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ក្រុមអតីតគ្រូនិងសិស្សបាក់ទូកខាងលើ បានរួមគ្នា ធ្វើវិភាគទានតាមចិត្តសទ្ធា សរុបបានថវិកាចំនួន២ម៉ឺនដុល្លារ យកទៅចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាល ដើម្បីត្រៀមទិញ វ៉ាក់សាំងកូវីដ១៩ សម្រាប់ចាក់ជូនដោយឥតគិតថ្លៃ ដល់ប្រជាជន មិត្តភក្តិ គ្រួសារ និងខ្លួនឯងផ្ទាល់ ក្នុងនាមជាតិខ្មែរតែមួយ ប្រកបដោយស្មារតីសាមគ្គីភាព និងភាតរភាព យ៉ាងស្និទ្ធស្នាលបំផុត៕

អត្ថបទដែលជាប់ទាក់ទង