ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចមហាបវរធិបតីចែករំលែកទស្សនៈ៣ចំណុចដើម្បីជួយតម្រង់ទិសក្នុងវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣

24

សៀមរាប៖ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកកិច្ចប្រជុំមុខងារសាធារណៈអាស៊ានលើកទី២៣ (ACCSM) និងអាស៊ានបូក៣ លើកទី៨ (ACCSM+3) នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចែករំលែកនូវទស្សនៈទានចំនួន៣ចំណុច ដែលជួយតម្រង់ទិសតួនាទី នៃនវានុវត្តន៍ក្នុងវិស័យមុខងារសាធារណៈ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តចំពោះវឌ្ឍនភាពដែលសម្រេចបានតាមរយៈ ACCSM និង ACCSM+3 ក៏ដូចជាប្រធានបទឆ្នាំនេះគឺ «នវានុវត្តន៍ដើម្បីការផ្តល់សេវាកាន់តែប្រសើរ»។ 

ដើម្បីបង្កើនផលប៉ះពាល់នៃការពិភាក្សានៅក្នុងកិច្ចប្រជុំ ACCSM លើកទី២៣ និង ACCSM+3 លើកទី៨ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមចែករំលែកនូវទស្សនៈមួយចំនួន ដែលសម្តេចជឿថាអាចជួយតម្រង់ទិសតួនាទីនៃនវានុវត្តន៍នៅក្នុងវិស័យមុខងារសាធារណៈ។

ទី១៖ នវានុវត្តន៍ត្រូវតែប្រកាន់យកវិធីសាស្រ្តប្រជាជនជាស្នូល ដែលលើសបរិវត្តកម្មឌីជីថល ដើម្បីឆ្លើយតបទៅតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ សេវាសាធារណៈត្រូវតែផ្អែកលើលទ្ធផល ហើយគួរតែត្រូវបានផ្តល់ជូនដោយងាយស្រួល សមធម៌ និងបរិយាប័ន្ន មិនទុកនរណាម្នាក់ចោល ទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់។ តាមរយៈការផ្តល់អាទិភាពដល់ចក្ខុវិស័យរយៈពេលវែង លើភាពងាយស្រួលរយៈពេលខ្លី យើងកសាងទំនុកចិត្តសាធារណៈតាមរយៈការសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលដាក់ផលប្រយោជន៍ប្រជាជនជាធំ។

ទី២៖ នវានុវត្តន៍ត្រូវឈរផ្អែកលើមូលដ្ឋានគ្រឹះ នៃសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។ ដោយសាររដ្ឋសមាជិកអាស៊ាននីមួយៗ មានចំណុចចាប់ផ្តើម នៃការអភិវឌ្ឍខុសៗគ្នា គោលដៅរបស់យើង គឺកាត់បន្ថយគម្លាត និងធានាថា ប្រទេសនីមួយៗ ទទួលយកបច្ចេកវិទ្យាថ្មីៗ ជាពិសេស AI ក្នុងល្បឿនប្រកបដោយនិរន្តរភាព។

ដោយសារបច្ចេកវិទ្យា មិនអាចដំណើរការដោយឯករាជ្យពីកត្តាមនុស្ស ការទទួលយកឌីជីថលត្រូវតែដើរទន្ទឹមគ្នា ជាមួយនឹងការវិនិយោគបន្តបន្ទាប់លើធនធានមនុស្ស ការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងសុចរិតភាព។ ទីបំផុតនវានុវត្តន៍ពិតប្រាកដក្នុងការគ្រប់គ្រង គឺពឹងផ្អែកលើការពង្រឹងស្ថាប័ន និងធនធានមនុស្ស ជាជាងឧបករណ៍ឌីជីថលតែមួយមុខ ព្រោះកិច្ចខិតខំប្រឹងប្រែងនេះទាមទារសុចរិតភាព គ្មានវេទិកាឌីជីថលណាមួយ អាចជំនួសក្រមសីលធម៌ តម្លាភាព និងវិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះពិតប្រាកដនៃទំនុកចិត្តសាធារណៈបានឡើយ។

ទី៣៖ នវានុវត្តន៍ត្រូវតែពឹងផ្អែកលើកការកសាងភាពធន់រួមក្នុងតំបន់។ ដោយសារបញ្ហាប្រឈម ជាសកលមិនអាចដោះស្រាយដោយឯកឯងបាន ពោលយើងត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែន នៅក្នុងអាស៊ាន។ នវានុវត្តន៍គួរតែពង្រីកលើសពីប្រសិទ្ធភាពផ្ទៃក្នុង ដើម្បីរួមបញ្ចូលការចែករំលែកចំណេះដឹង ការគាំទ្រគ្នាទៅវិញទៅមក និងការសម្របសម្រួលរួមគ្នាផងដែរ។

ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ACCSM ត្រូវតែបន្តជាវេទិកាដ៏សំខាន់ សម្រាប់ការរៀនសូត្រទៅវិញទៅមក ពង្រឹងសមត្ថភាពរដ្ឋជាសមាជិកឲ្យសហការសម្របសម្រួល ធ្វើឲ្យគោលនយោបាយមានភាពស៊ីសង្វាក់គ្នា និងកសាងសមត្ថភាពរួមសម្រាប់បញ្ហាប្រឈមរួម។

ក្នុងនោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, កិច្ចប្រជុំ ACCSM និង ACCSM+3 ត្រូវតែបន្តដើរតួយ៉ាងសកម្មក្នុងការបកប្រែសេចក្តីថ្លែងការណ៍ និងផែនការការងារ ទៅជាលទ្ធផលជាក់ស្តែង និងព្រមទាំងលើកកំពស់គណនេយ្យភាពរួម ក្នុងការផ្តល់លទ្ធផល ក្នុងគោលបំណងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាជនរបស់យើង ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង