ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចធិបតីសម្រួលកុំឱ្យជាប់គាំងការចេញបណ្ណកម្មសិទ្ធិ! រាជរដ្ឋាភិបាលសម្រេចលើកលែងនិងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យក្រោមលក្ខខណ្ឌមួយចំនួន

22

ភ្នំពេញអនុលោមតាមចំណាររបស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ និងប្រសាសន៍ណែនាំរបស់សម្ដេចធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦  រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រ តាមរយៈការលើកលែង និងអនុគ្រោះផ្នែកពន្ធដារមួយចំនួន។

វិធានការទាំងនោះរួមមាន ការផ្តល់ការអនុគ្រោះព្យួរ ការអនុវត្តពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធប្រថាប់ត្រា ដែលត្រូវទទួលរងពិន័យស្មើនឹង ១០០ ភាគរយ នៃប្រាក់ពន្ធដែលត្រូវបង់ ចំពោះដីកាអម ឬដីកាបញ្ជូនហួសរយៈពេល ៣ខែ រហូតដល់ដំណាច់ឆ្នាំ២០២៧។ 

ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតពន្យារសុពលភាពនៃសេចក្តីជូនដំណឹងលេខ ៣៦៧ សជណ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយអនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រាតែមួយដងលើកចុងក្រោយ ចំពោះករណីអចលនទ្រព្យដែលមានសាវតារផ្ទេរសិទ្ធិកាន់កាប់បន្តដៃគ្នាច្រើនដង ត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៦។

បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានអនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រា និងពន្ធលើអចលនទ្រព្យលើសំណង់ចុងក្រោយ ដោយគ្រាន់តែមានលិខិតអនុញ្ញាតសាងសង់ ឬមានការបញ្ជាក់ពីសំណង់ ដោយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធលើកាលបរិច្ឆេទសាងសង់។ ជាពិសេស រាជរដ្ឋាភិបាលបានលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលម្ចាស់កម្មសិទ្ធិជាយោធិន និងនគរបាលជាតិដែលចូលរួមក្នុងសមរភូមិជួរមុខ ដោយមានការបញ្ជាក់អត្តសញ្ញាណ និងតួនាទីភារកិច្ចពីអង្គភាពសាមី។

ទោះជាយ៉ាងណា ការអនុគ្រោះនេះ ពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះទេ៕

អត្ថបទដែលជាប់ទាក់ទង