ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតីគាំទ្រពេញទំហឹងដោយប្តេជ្ញាចិត្តធ្វើការជិតស្និទ្ធជាមួយអាស៊ានប្រទេសបូកបីនិងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង

14

សៀមរាប៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា ប្រទេសកម្ពុជាគាំទ្រយ៉ាងពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ានទាំងអស់ ប្រទេសបូកបី និងដៃគូសន្ទនា ដើម្បីបំប្លែងឯកសារទាំងនេះទៅជាសកម្មភាពជាក់ស្តែង។ 

ការប្តេជ្ញាបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យសាធារណៈអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូក៣ លើកទី៨ (8th ACCSM+3) នៅសណ្ឋាគារសុខា ខេត្តសៀម រាប នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានរំលេចដា និន្នាការរចនាសម្ព័ន្ធទាំងនេះបានគូសបញ្ជាក់ពីសារៈសំខាន់ដ៏សំខាន់នៃវេទិកាពហុភាគី ដូចជាក្របខ័ណ្ឌ ACCSM។ ដូចដែលឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិច្ចប្រជុំបានសង្កត់ធ្ងន់ថាពិតជារីករាយយ៉ាងខ្លាំងចំពោះវឌ្ឍនភាពដែលសម្រេចបានក្រោមផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២១-២០២៥។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានសូមស្វាគមន៍ចំពោះការរៀបចំផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០ សេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការលើកកម្ពស់នវានុវត្តន៍ សម្រាប់ការផ្តល់សេវាសាធារណៈកាន់តែប្រសើរ ក៏ដូចជាសមិទ្ធផលសំខាន់ៗផ្សេងទៀត ដូចជាលក្ខខណ្ឌយោងនៃកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីមុខងារសាធារណៈ និងវិធាននីតិវិធី (ROP) នៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីមុខងារសាធារណៈ ACCSM+3។

ក្នុងស្មារតីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កម្ពុជាមានមោទកភាពក្នុងការទទួលតួនាទីជាប្រធានប្តូរវេន នៃបណ្តាញវិទ្យាស្ថានបណ្តុះបណ្តាលមុខងារសាធារណៈអាស៊ាន សម្រាប់អាណត្តិឆ្នាំ២០២៧-២០២៨។ ភ្ជាប់ជាមួយគ្នានេះដែរ សម្តេចក៏បានសូមប្រគល់ភារកិច្ចដ៏សំខាន់នេះជូនសាលាភូមិន្ទរដ្ឋបាលក្នុងនាមជាស្ថាប័នទទួលខុសត្រូវ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យចេញលទ្ធផលជាក់ស្តែង។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ជាថ្មីថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ានទាំងអស់ ប្រទេសបូកបី និងដៃគូសន្ទនា ដើម្បីបំប្លែងឯកសារទាំងនេះទៅជាសកម្មភាពជាក់ស្តែង។ ក្នុងស្មារតីនេះ កម្ពុជាមានមោទកភាពក្នុងការទទួលតួនាទីជាប្រធានប្តូរវេន នៃបណ្តាញវិទ្យាស្ថានបណ្តុះបណ្តាលមុខងារសាធារណៈអាស៊ាន សម្រាប់អាណត្តិឆ្នាំ២០២៧២០២៨»

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កំណែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជាមានឫសគល់ចេញពីដំណើរដ៏ពិសេសមួយ គឺការស្តារឡើងវិញ ការកសាងជាតិ និងការកសាងសន្តិភាព។ បន្ទាប់ពីការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងនៃស្ថាប័ននានាក្រោមរបបខ្មែរក្រហម ប្រទេសកម្ពុជាបានចាប់ផ្តើមកសាងប្រទេសឡើងវិញពីបាតដៃទទេ បន្ទាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ តាមរយៈប្រមូលផ្តុំធនធានមនុស្ស និងបញ្ញាវន្តដែលនៅមានជីវិត។ 

នៅចំពោះមុខភ្ញៀវបរទេស សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដំណើរការនៃការស្តារឡើងវិញនេះបានឈានដល់គោលនយោបាយឈ្នះ-ឈ្នះជាប្រវត្តិសាស្ត្ររបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់ជម្លោះស៊ីវិលរាប់ទសវត្សរ៍នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ សន្តិភាពដែលសម្រេចបានដោយលំបាកនេះ បានក្លាយជាមូលដ្ឋានគ្រឹះនៃស្ថិរភាពរបស់កម្ពុជា ដោយផ្តល់នូវគ្រឹះដ៏សំខាន់សម្រាប់រដ្ឋបាលសេវាសាធារណៈទំនើប ការកសាងជាតិឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ដំណើរនៃការស្តារជាតិឡើងវិញ និងការកសាងសន្តិភាពនោះ គឺជាមូលដ្ឋានគ្រឹះដែលកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់របស់កម្ពុជាបានរីកចម្រើន ហើយវានៅតែបន្តកំណត់ទស្សនវិជ្ជាដែលដឹកនាំយើងសព្វថ្ងៃនេះ។ ក្នុងការជំរុញកំណែទម្រង់រដ្ឋបាលសាធារណៈ ទស្សនវិជ្ជាដ៏សំខាន់របស់កម្ពុជា គឺតែងតែផ្តោតជាចំបងលើសុខុមាលភាពរបស់ជាតិ និងប្រជាជន។ 

ទោះបីយើងមកពីប្រទេសផ្សេងៗគ្នា តែសម្តេចជឿជាក់យ៉ាងមុតមាំថាគោលការណ៍ស្នូលរបស់យើងគឺដូចគ្នា គឺ៖ «លះបង់បម្រើប្រជាជនដោយស្មោះត្រង់ និងមិនងាករេ»

អត្ថបទដែលជាប់ទាក់ទង