ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួង ស្រេង ៖គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈយ៉ាងល្អប្រសើរជូនប្រជាជនក្នុងមូលដ្ឋាន តាមរយៈការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស សកម្មភាពក្រុមក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ជាដើម

35

ភ្នំពេញ៖ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ អនុវត្តតាមគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈយ៉ាងល្អប្រសើរជូនប្រជាជនក្នុងមូលដ្ឋាន តាមរយៈការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស សកម្មភាពក្រុមក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ជាដើម បានចំនួន ២១៨/២៣៧ករណី ថយចុះ ១៩ករណី ក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់ការបង្ក្រាបបទល្មើសទាំងនេះ សរុបចំនួន ២០៩/២១៨ករណី ស្មើនឹង ៩៥,៨៧% នៃចំនួនបទល្មើសរួម និងឃាត់ខ្លួនបានចំនួន ២៦៩នាក់។ 

  នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានី   ភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ។

លោកស្រីអ្នកនាំពាក្យបានបន្តទៀតថា តាមរយៈរបាយការណ៍របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានរាយកាណ៍ជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣ ខែសីហា កន្លងទៅនេះ ឯកឧត្តមអភិបាលក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលរដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងអនុវត្តយ៉ាងសកម្ម និងជាប់ជាប្រចាំនូវបទបញ្ជាលេខ ០១ប.ប ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល និងអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំផងដែរ។ 

  លោកស្រី ដោ សម្ផស្ស បានបន្តថា៖ ជាលទ្ធផលនៅក្នុងឆមាសទី១ ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលនៅតាមទីតាំងស្នាក់នៅរួមបានចំនួន ១៧.៤៩១ទីតាំង និងបានរកឃើញជនបរទេស ១១៦.៧០០នាក់ (ស្រីចំនួន ៣៤.៤៤២នាក់) ស្មើនឹង ៧៥សញ្ជាតិ ដោយក្នុងនោះ បានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួន ១៣៩ទីតាំង និងឃាត់ខ្លួនបានចំនួន ២.៣៨៩នាក់ (ស្រី ៣៥៧នាក់) ស្មើនឹង ២៧សញ្ជាតិ ព្រមទាំងបានដកហូតនូវសម្ភារជាវត្ថតាងមួយចំនួនទៀត។

  តាមរយៈរបាយការណ៍នេះដែរ លោកស្រីបានបញ្ជាក់បន្ថែមថា បើគិតចាប់ពីពេលបើកយុទ្ធនាការ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលនៅតាមទីតាំងស្នាក់នៅរួមបានចំនួន ១៩.៥០៤ទីតាំង និងបានរកឃើញជនបរទេសចំនួន  ១៣៦.៨៣១នាក់ (ស្រីចំនួន ៤០.២៧២នាក់) ស្មើនឹង ៧៥សញ្ជាតិ ដោយក្នុងនោះបានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួន ១៨៤ករណី និងឃាត់ខ្លួនបានចំនួន ៣.៦៦០នាក់ (ស្រី ៥៨២នាក់) ស្មើនឹង ២៧សញ្ជាតិ ព្រមទាំងបានដកហូតនូវសម្ភារៈមួយចំនួនទៀត និងបានផាកពិន័យម្ចាស់ទីតាំង ដែលមានចេតនាលាក់បាំងពីវត្តមានជនបរទេសក្នុងទីតាំងរបស់ខ្លួនបានចំនួន ១០៧ទីតាំង និងរកឃើញជនបរទេសចំនួន ៦៨៩នាក់ ដោយគិតជាថវិកាផាកពិន័យសរុបប្រមាណ ២.៧៥៦លានរៀល៕

អត្ថបទដែលជាប់ទាក់ទង