តៃវ៉ាន់ផ្ដើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំចំពោះមុខសម្ពាធកាន់តែខ្លាំងពីចិន
តៃប៉ិ៖សមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំរបស់កោះតៃវ៉ាន់បានចាប់ផ្ដើមហើយ នៅថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ក្នុងបរិបទដែលដែនកោះប្រជាធិបតេយ្យមួយនេះកំពុងព្យាយាមបណ្ដុះបណ្ដាលប្រជាជនរបស់ខ្លួនឱ្យចេះត្រៀមលក្ខណៈការពារខ្លួនឯង ក្នុងករណីមានការវាយប្រហារជាយថាហេតុណាមួយពីសំណាក់ចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
សមយុទ្ធប្រចាំឆ្នាំរបស់តៃវ៉ាន់មានឈ្មោះថា Han Kuang ដែលនឹងចាប់ផ្ដើមប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៤ ខែសីហា មានការរៀបចំសេណារីយ៉ូប្រយុទ្ធជាច្រើន ទៅតាមដំណាក់កាលសម្រាប់កងទ័ព និងកងទ័ពបម្រុង ដើម្បីហ្វឹកហាត់ពីការឆ្លើយតបទៅនឹងការវាយប្រហារណាមួយលើកោះតៃវ៉ាន់។ ក្រុមមន្ត្រីការពារជាតិតៃវ៉ាន់បានឱ្យដឹងថា ជនស៊ីវិលក៏នឹងត្រូវទទួលបានការបណ្ដុះបណ្ដាលផងដែរអំឡុងសមយុទ្ធនេះ ក្នុងនោះរួមមានទាំងការហាត់សមត្រៀមខ្លួនចំពោះករណីការទម្លាក់ល្បឿនអ៉ីនធើណិតបណ្ដោះអាសន្ន និងរបៀបការពារខ្លួន ក្នុងសេណារីយ៉ូមានការវាយប្រហារតាមផ្លូវអាកាស។
ចិនបានចាត់ទុកតៃវ៉ាន់ត្រឹមជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ និងបានគំរាមជារឿយពីការប្រើប្រាស់កម្លាំងយោធាដើម្បីគ្រប់គ្រងដែនកោះមួយនេះក្នុងករណីចាំបាច់។ ចិនបានបង្កើន ការដាក់សម្ពាធយោធាលើតៃវ៉ាន់ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយការដាក់ពង្រាយយន្ដហោះចម្បាំង និងនាវាចម្បាំងទៅក្បែរដែនកោះតៃវ៉ាន់ស្ទើរតែរៀងរាល់ថ្ងៃ ក្រោមរូបភាពធ្វើសមយុទ្ធ៕
