ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការ BirdLife បង្ហាញការសិក្សាទីតាំង ៥កន្លែង ដែលសត្វក្រៀល រកចំណីរខាងក្រៅតំបន់ការពារទេសភាពការពារអន្លង់ព្រីង

69

 

ភ្នំពេញ៖ អង្គការ BirdLife បានឱ្យដឹងនៅថ្ងៃនេះ ថា ៖ កាលពីពេលថ្មីៗនេះក្រុមអ្នកអភិរក្សវ័យក្មេងបានធ្វើការសិក្សាស្រាវជ្រាវទៅលើទីតាំងផ្សេងៗ ដែលមានវត្តមានសត្វក្រៀល និងដែលត្រូវបានគេជឿថាជាកន្លែងផ្ដល់ចំណីបន្ថែមដល់ក្រៀលក្នុងរដូវមិនបន្តពូជនៅតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត។
ការសិក្សានេះបានរកឃើញចំនួននៃសត្វក្រៀលដែលចូលទៅរកចំណី នៅទីតាំងមានវាលស្មៅលិចទឹក និងវាលស្រែចំនួន៥ កន្លែងខុសៗគ្នា។
ការសិក្សានេះក៏បានពិនិត្យមើលទៅលើសកម្មភាពរបស់មនុស្សដែលជាកត្តាគំរាមកំ ហែង និងអាចជះឥទ្ធិពលលើឥរិយាបថរបស់សត្វក្រៀលនៅក្នុងការជ្រើសរើសទីតាំងរកចំណីផងដែរ។

ការប្រមូលទិន្នន័យតាមរយៈការជួបសម្ភាសន៍ជាមួយមន្រ្តីឧទ្យានុរក្ស និងក្រុមជីវៈចម្រុះនៅមូលដ្ឋាន បានបង្ហាញអំពីប្រវត្តិនៃការរកចំណីរបស់សត្វក្រៀលនៅខាងក្រៅតំបន់ការពារទេសភាពអន្លង់ព្រីង ដែលមានទីតាំងសំខាន់ៗចំនួន ៥ កន្លែង ដូចជាភ្នំទឹក ព្រះត្រហឹង កោះទន្សែ កោះតាយ៉យ និង កោះកណ្ដាល ។ ភ្នំទឹក ព្រះត្រហឹង និង កោះតាយ៉យ ជាតំបន់ដែលគ្របដណ្តប់ដោយរុក្ខជាតិផ្លុង ដែលជាចំណីរបស់សត្វក្រៀល។ កោះទន្សែ និង កោះកណ្តាល គឺជាតំបន់វាលស្រែ ដែលអាចផ្គត់ផ្គង់គ្រាប់ស្រូវដែលត្រូវបានគេដឹងថាជាអាហារសំខាន់របស់សត្វក្រៀលផងដែរ។ ទោះជាវត្តមានរុក្ខជាតិផ្លុង និងស្រូវដែលជាចំណីសំខាន់របស់សត្វក្រៀលត្រូវបានកត់ត្រានៅតំបន់ទាំងនេះក៏ដោយ លទ្ធផលពីការប្រមូលទិន្នន័យបានបង្ហាញឱ្យឃើញថា ចំនួនសត្វក្រៀលដែលប្រើប្រាស់ទីតាំងរកចំណីទាំង ៥ នេះ មានការថយចុះមកស្ទើរតែគ្មានសត្វក្រៀលនៅ ឆ្នាំ ២០២១។ ក្នុងចំណោមទីតាំងទាំង ៥ ភ្នំទឹកជាតំបន់ដែលធ្លាប់កត់ត្រាវត្តមានរបស់សត្វក្រៀលប្រហែល ៥០% នៃចំនួនសត្វក្រៀលសរុបដែលមាននៅតំបន់អន្លង់ព្រីង ហើយសត្វក្រៀលនៅតែបន្តមានវត្តមាននៅទីនេះក្នុងឆ្នាំ២០២១ នៅឡើយ។

លទ្ធផលនេះបង្ហាញថា ភ្នំទឹក ជាទីតាំងសំខាន់បំផុតក្នុងចំណោមទីតាំងទាំង៥ ក្នុងការផ្ដល់ចំណីដល់ សត្វក្រៀល ក្រៅពីតំបន់ការពារទេសភាពអន្លង់ព្រីង។
លទ្ធផលសិក្សាក៏បានបង្ហាញថាសកម្មភាពរំខានភាគច្រើនគឺបង្កដោយមនុស្សនៅក្នុងតំបន់ និងនៅជិតតំបន់រកចំណី ដែលបណ្តាលឱ្យប៉ះពាល់ដល់ការជ្រើសរើសតំបន់រកចំណីរបស់សត្វក្រៀល ។ សកម្មភាពរំខានរបស់មនុស្សត្រូវបានកត់ត្រានៅក្នុងទីតាំងរកចំណីរបស់សត្វក្រៀលទាំង ៥ រួមមានការនេសាទ ការឃ្វាលគោក្របី ការអភិវឌ្ឍន៍ ការធ្វើស្រែបង្គា និងការបាត់បង់ដីសើមដោយសារការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិង លំនៅដ្ឋានជាដើម។

ការអប់រំផ្សព្វផ្សាយគួរត្រូវបានធ្វើឡើង ដើម្បីបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃតំបន់ដីសើមនា តំបន់ភ្នំទឹក តំបន់ព្រះត្រហឹង និងកោះតាយ៉យ ក្នុងការដើរតួនាទីផ្តល់ជាជម្រក និងទីតាំងរកចំណីដ៏សំខាន់ដែលទ្រទ្រង់សត្វក្រៀលនិងប្រភេទសត្វស្លាបដទៃ ទៀត។ មុខងាររបស់តំបន់ភ្នំទឹក ព្រះត្រហឹង គួរតែត្រូវបានថែរក្សាដើម្បីបន្តគាំទ្រដល់របបអាហារនិងការរស់រានរបស់សត្វក្រៀល និងរបស់បក្សីដទៃទៀត។ សកម្មភាពមនុស្សដែលត្រូវបានគេស្គាល់ថាជាកត្តាគំរាមកំហែងដល់ សត្វក្រៀល នៅតំបន់ទាំងនេះត្រូវតែកាត់បន្ថយនិងគ្រប់គ្រងឱ្យបានល្អដើម្បីធានាថាសត្វក្រៀលអាចបន្ដ រកចំណីនៅទីតាំងទាំងនេះបានយូរអង្វែង ដោយមិនស្ថិតក្រោមការគំរាមកំហែង៕ សំរិត

អត្ថបទដែលជាប់ទាក់ទង