ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សា ការងារតាមទូរស័ព្ទ ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី

241

កណ្តាល ៖ នៅភូមិគ្រឹះផ្ទះតាខ្មៅ នាព្រឹកថ្ងៃអង្គារ៍ទី០៤ ខែមករា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារ តាមទូរស័ព្ទជាមួយឯកឧត្តម Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី។

នៅក្នុងជំនួបតាមទូរស័ព្ទនោះ ឯកឧត្តម Joko Widodo បានគោរពជូនពរសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រាបុត្រី ព្រមទាំងចៅៗទាំងអស់ក្នុងឱកាសឆ្នាំសកល២០២២។

ឯកឧត្តមក៏បានអបអរសាទរ និងគាំទ្រចំពោះសម្តេចតេជោដែល បានឡើងធ្វើជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះ។ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ីបានថ្លែង និងគូសបញ្ជាក់ថា ឯកឧត្តមនឹងគាំទ្រសម្ដេចតេជោ ធ្វើយ៉ាងណាអោយសម្ដេចតេជោ ទទួលបាននូវភាពជោគជ័យ ក្នុងការដឹកនាំអាស៊ាននៅឆ្នាំ ២០២២នេះ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម Joko Widodo និងបានជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារក្នុង ឱកាសឆ្នាំថ្មីឆ្នាំសកល២០២២នេះផងដែរ។ លើសពីនេះទៅទៀត សម្ដេចតេជោរដ្ឋមន្ត្រីក៏បាន ថ្លែងអំណរគុណចំពោះឯកឧត្តម ដែលបានអបអរសាទរ និងសម្ដែងនូវការគាំទ្រចំពោះ កម្ពុជាក្នុងការអនុវត្តតួនាទី ជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ ។ សម្ដេចតេជោក៏បានថ្លែង អំណរគុណសារជាថ្មី ចំពោះឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ដែលបានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុបកាលពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។ ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានសម្ដែងនូវការកោតសរសើរ នូវភាពសកម្មរបស់ឥណ្ឌូនេស៊ី ក្នុងការផ្ដួចផ្ដើមគំនិតជាច្រើន ក្នុងការកសាងសហគមន៍អាស៊ាន ដែលថ្មីៗនេះមានដូចជា ៖
១)ទស្សនៈអាស៊ានស្ដីពី ឥណ្ឌូប៉ាស៊ីហ្វិក ដែលជាឯកសាររបស់អាស៊ាន ដើម្បីគ្រប់គ្រងទំនាក់ទំនង ជាមួយដៃគូខាងក្រៅ និងរក្សាមជ្ឈភាពអាស៊ាន
២)ការរៀបចំច្រកធ្វើដំណើរក្នុងតំបន់អាស៊ានឆ្លើយតបទៅនឹងការរឹតត្បិតដោយសារជំងឺកូវីដ១៩ រាតត្បាត
ជាចុងក្រោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ឯកឧត្តម Joko Widodo ចំពោះការជូនពរចំពោះការសំដែង នូវការគាំទ្រកម្ពុជាក្នុងការ បំពេញតួនាទីជាប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ៕

អត្ថបទដែលជាប់ទាក់ទង