ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ប៉ែន បូណា៖ ចូលឆ្នាំរោង ឆ្នាំថ្មី ក្នុងអត្ថន័យប្រកបដោយក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ

396

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឲ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះអាចនិយាយបានថា គឺជាពិធីបុណ្យចូលឆ្នាំដ៏សប្បាយរីករាយបំផុតមួយសម្រាប់ប្រទេសកម្ពុជា។ សំណើចក្អាកក្អាយ សប្បាយរីករាយរបស់ប្រជាពលរដ្ឋកើតមាននៅគ្រប់ទិសទី។ មិនថាមនុស្សចាស់ឬក្មេង ប្រុសឬស្រីឡើយ ពួកគេបានចូលរួមក្នុងសកម្មភាពកម្សាន្តសប្បាយយ៉ាងសស្រាក់សស្រាំដោយទឹកចិត្តអំណរសាទរយ៉ាងក្រៃលែង។

សកម្មភាពកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋមានគ្រប់ទម្រង់ ពោលគឺ តាមរយៈល្បែងរបាំប្រជាប្រិយខ្មែរផង ការជួបជុំគ្នាពិសារអាហារនិងរាំកម្សាន្តផង ព្រមទាំងសប្បាយក្នុងទម្រង់ថ្មីតាមបែបយុវវ័យសម័យទំនើបផង។ អ្វីជាការកត់សម្គាល់ម្យ៉ាងទៀត គឺការរៀបចំសង្ក្រាន្តឆ្នាំថ្មីធ្វើឡើងយ៉ាងស្រុះគ្នានៅគ្រប់រាជធានីខេត្តនីមួយៗតាមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដោយមានការចូលរួមយ៉ាងទូលំទូលាយរបស់ប្រជាពលរដ្ឋ។

សំណើចក្អាកក្អាយ សប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរ គឺជាផ្លែផ្កានៃសុខសន្តិភាពដែលបានចាក់គ្រឹះ២៥ឆ្នាំមកហើយនៅលើទឹកដីកម្ពុជា។ សន្តិភាពរយៈពេលយូរបានធ្វើឱ្យប្រទេសកាន់តែអភិវឌ្ឍន៍ ប្រជាពលរដ្ឋកាន់តែមានលំនឹងចិត្ត កាន់តែមានជីវភាពល្អប្រសើរ ដែលជាអំណោយផលដល់ការកម្សាន្តសប្បាយ។ ជាក់ស្តែង ខណៈដែលប្រជាពលរដ្ឋខ្មែរកំពុងទទួលអំណរបុណ្យចូលឆ្នាំថ្មីយ៉ាងសប្បាយរីករាយ មនុស្សរាប់រយលាននាក់ផ្សេងទៀតកំពុងភិតភ័យដោយភ្លើងសង្គ្រាម។ នេះបញ្ជាក់ថា សន្តិភាពគឺជាសេចក្តីត្រូវការចាំបាច់របស់មនុស្សជាតិគ្រប់គ្នាលើភពផែនដីទាំងមូល។

សរុបមកវិញ ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នេះពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅទាំងក្នុងទិដ្ឋភាពវប្បធម៌ប្រពៃណី ទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ច ពោលគឺ ជាឆ្នាំដែលតំណាងដោយនាគរាជដ៏មានឫទ្ធិ ជាពិធីចូលឆ្នាំលើកដំបូងក្នុងរាជរដ្ឋាភិបាលបន្តវេន នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជាឆ្នាំដែលកម្ពុជានៅតែរក្សាបាននូវសុខសន្តិភាពដ៏រឹងមាំ និងក៏ជាឆ្នាំដែលស្ថាប័នហិរញ្ញវត្ថុអន្តរជាតិព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាស្ទុះងើបឡើងវិញខ្ពស់ជាងគេក្នុងតំបន់។

អត្ថន័យនេះ ពិតជាស័ក្តិសមនឹងទទួលបាននូវការសាទរឆ្នាំថ្មីដ៏សប្បាយរីករាយបំផុតពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងជាសញ្ញានៃភាពរុងរឿងរបស់កម្ពុជានាពេលអនាគតស្របតាមការរំពឹងទុករបស់រាជរដ្ឋាភិបាលឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង