ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមសាយ សំអាល់ បាន ជំរុញដល់ក្រុមការងារ ចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ត្រូវខិតខំបំពេញភារកិច្ចឲ្យបានល្អ ត្រឹមត្រូវ និងឆាប់រហ័ស

45

ព្រះវិហារ៖ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ បានជំរុញដល់ក្រុមការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ត្រូវបំពេញតួនាទីភារកិច្ចឲ្យបានល្អត្រឹមត្រូវ និងឆាប់រហ័ស ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការថ្លែងរបស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងឱកាសដែលលោកចូលរួមដឹកនាំកិច្ចប្រជុំ ពិភាក្សាជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីលោក លោកស្រី ជាប្រតិភូអមដំណើរ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការ កងកម្លាំងទាំង៣ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរង ក្រុង ស្រុក ទាំង៨ និងមន្ត្រី ពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តជាច្រើនរូបទៀត។
ឯកឧត្ដម គីម រិទ្ធី បានថ្លែងថា ខេត្តព្រះវិហារមានផ្ទៃដីសរុបចំនួន ១៣,៤១៩.៦៣ គីឡូម៉ែត្រការ៉េ មានប្រជាពលរដ្ឋសរុបចំនួន២៧៧,៤៦៥នាក់ ស្មើនឹង៦៦,៦៨៣ គ្រួសារ មានដង់ស៊ីតេប្រជាជន២០នាក់ ក្នុងមួយគីឡូម៉ែតការេ ចែកចេញជា១ក្រុង និង៧ស្រុក ស្មើនឹង៥១ឃុំ សង្កាត់ និង២៣២ភូមិ។
អំពីវឌ្ឍនភាពនៃការចុះបញ្ជី ដីធ្លីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ លោកអភិបាលខេត្តថា បានចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋបានចំនួន៩៩ភូមិ លើ២៣២ភូមិ ស្មើនឹង៤២% នៃចំនួនភូមិទូទាំងខេត្ត និងចេញប័ណ្ណកម្មសិទ្ធិបានចំនួន ៧០,៦៦១ប័ណ្ណ ស្មើនឹង៣៧% លើការប៉ាន់ស្មានចំនួនក្បាលដីទូទាំងខេត្តសរុប១៨៦,៩៩០ ក្បាលដី។
ក្នុងនោះចែកចេញជា៣ដំណាក់កាល ទី១៖ តាមរយៈការអនុវត្តបទបញ្ជាលេខ០១ ពីឆ្នាំ២០១២ដល់ ឆ្នាំ២០១៣, ទី២៖ តាមរយៈការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ឆ្នាំ២០១៤ ដល់២០២៣ និងទី៣៖ តាមរយៈការអនុវត្តផែនការរបស់ថ្នាក់ជាតិ (ចុះបញ្ជីដីធ្លី៥លានក្បាលដីទូទាំងប្រទេស ឆ្នាំ២០២៤-២០២៥)។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដមគីម រិទ្ធី ក៏បានជំរុញដល់ លោក លោកស្រី សមាជិក សមាជិកានៃអង្គប្រជុំទាំងអស់ សូមយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ នូវអនុសាសន៍ផ្តាំផ្ញើ និងគោលការណ៍ដឹកនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដើម្បីជាមូលដ្ឋានយកទៅអនុវត្តការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ឲ្យសម្រេចបានជោគជ័យ។
ឧបនាយករដ្ឋមន្ត្រី ឯកឧត្ដម សំអាល់ បានថ្លែងថា គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ការងារចុះបញ្ជីដីធី្លជាបញ្ហាសំខាន់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ដូច្នេះសូមជំរុញដល់ក្រុមការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចនេះឲ្យបានល្អត្រឹមត្រូវ និងឆាប់រហ័សស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល។
ឧបនាយករដ្ឋមន្ត្រី ថ្លែងបន្តថា ថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់ បន្តបំពេញភារកិច្ចរៀងៗខ្លួនជាប្រក្រតី ដោយជ្រោងទង់សាមគ្គីឯកភាពគ្នាផ្ទៃក្នុងឲ្យកាន់តែរឹងមាំ និងរក្សាពូនជ្រំមរតកដ៏មានតម្លៃនានាដែលថ្នាក់ដឹកនាំជំនាន់មុនបន្សល់ទុកឲ្យ ដើម្បីចូលរួមគាំទ្រសម្រេចឲ្យបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាល ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដែលបានដាក់ចេញ និងស្នើអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយព្រមទាំងណែនាំ ដល់ប្រជាពលរដ្ឋត្រៀមលក្ខណៈចំពោះឯកសារពាក់ព័ន្ធក្នុងការចុះបញ្ជីដីធ្លី ជៀសវាងក្នុងកិច្ចដំណើរការទៅមានភាពយឺតយ៉ាវជាដើម។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងបន្ថែមថា ដើម្បីជំរុញការចុះបញ្ជីដីតាមគោលនយោបាយ «ចុះបញ្ជីដីធ្លីបញ្ចប់ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ»រដ្ឋបាលខេត្តដោយមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ជាសេនាធិការ ត្រូវខិតខំដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងសាមគ្គី ឯកភាពផ្ទៃក្នុងទើបធ្វើឲ្យស្ថាប័នមានការរីកចម្រើន ព្រមទាំងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង