ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាត ឱ្យឯកឧត្ដមវ៉ាង យី ប្រមុខការទូតចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ

24

ភ្នំពេញ៖នៅល្ងាចថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្ដម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និង ជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ។
ក្នុងឱកាសនោះឯកឧត្ដម វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យ គណៈ កម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនផងដែរនោះ បានអញ្ជើញមកដល់កម្ពុជា កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បី បំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ។
មកដល់ទឹកដីកម្ពុជាភ្លាមឯកឧត្ដម វ៉ាង យី បានអញ្ជើញចូលបង្គំគាល់ និងសវនាការ ជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ បន្ទាប់មកលោក វ៉ាង យី ក៏ចូលជួបពិភាក្សាការងារជាមួយលោក ឧបនាយក រដ្ឋមន្ត្រី សុខ ចិន្តាសោភា ប្រមុខការទូតរបស់កម្ពុជា។
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ លោក វ៉ាង យី បានអញ្ជើញចូលរួមកិច្ច ប្រជុំ លើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តរដ្ឋាភិបាលកម្ពុជា-ចិន នៅ ក្រុម ប្រឹក្សាអភិវឌ្ឍកម្ពុជា ដែលភាគីកម្ពុជាដឹកនាំដោយលោកឧបនាយក រដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
នៅក្រោយកិច្ចប្រជុំនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្ដមវ៉ាង យី បានរៀបចំពិធីអបអរសាទរផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យ នាំ ចេញ ទៅកាន់ទីផ្សារចិនជាផ្លូវការ។ ឯកឧត្ដមស៊ុន ចាន់ថុល និងឯកឧត្ដម វ៉ាង យី ក៏ បាន ធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ទៀត ដើម្បី រួម ចំណែកអភិវឌ្ឍន៍វិស័យទឹកស្អាត និងវិស័យកសិកម្មនៅកម្ពុជា។ ឯកសារសំខាន់ ចំនួន ៣នេះរួមមាន
ទី១៖ លិខិតប្តូរសារស្តីពីការផ្តល់ជំនួយ របស់ចិនសម្រាប់ផ្គត់ផ្គង់ទឹកស្អាត នៅជនបទដំណាក់កាលទី២ 
ទី២៖ វិញ្ញាបនបត្រប្រគល់-ទទួលនៃគម្រោងផែនការមេអភិវឌ្ឍន៍កសិកម្មកម្ពុជា
ទី៣៖ ពិធីសារទាក់ទងនឹងការធ្វើចត្តាឡីស័ក និងលក្ខខណ្ឌតម្រូវការអនាម័យសម្រាប់ផលិតផលចំណីឆ្កែពាក់កណ្តាលសម្រេចធ្វើពីស្បែកគោ សម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។
ភាគីទាំងពីរក៏រៀបចំពិធីប្រគល់-ទទួលសៀវភៅ កំណត់ហេតុរបស់នគរចេនឡា អំពីទឹកដី ប្រពៃណី និងទំនៀមទម្លាប់ ប្រែសម្រួលជាភាសាខ្មែរ។
នៅរសៀលថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអនុញ្ញាតឱ្យឯកឧត្ដមវ៉ាង យី ជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។
ឯកឧត្ដម វ៉ាង យី នឹងអញ្ជើញចាកចេញពីកម្ពុជានៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ។ ដំណើរទស្សនកិច្ចរបស់ឯកឧត្ដម វ៉ាង យី នៅពេលនេះ ធ្វើឡើងស្របពេលប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ហើយនឹងរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប និងពង្រីក បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ លើកកម្ពស់ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
ឯកឧត្ដម វ៉ាង យី ជាប្រមុខការទូតរបស់ចិនដែលទស្សនកិច្ចនៅកម្ពុជាញឹកញាប់បំផុត។ឯកឧត្ដមទើបនឹងបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ៕
រូបថតយកពីតេឡេក្រាមផ្លូវការរបស់សម្ដេចតេជោហ៊ុន សែន

អត្ថបទដែលជាប់ទាក់ទង