ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌឫស្សីកែវ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតនៅក្នុងភូមិក ភូមិឃ និងភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ

51

ភ្នំពេញ៖រដ្ឋបាលខណ្ឌឫស្សីកែវ÷នាព្រឹកថ្ងៃពុធ ទី២៤ ខែមេសាឆ្នាំ២០២៤នេះ នៅក្នុងបរិវេណវិហារម៉ាស្ចិតនូរុនណាអ៉ីម គីឡូម៉ែត្រលេខ៨ បានប្រារព្ធពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតនៅក្នុងភូមិក ភូមិឃ និងភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអភិបាលខណ្ឌឫស្សីកែវ និងលោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ ។

នាឱកាសនោះ លោក ជិន ប៊ុនធឿន បានបង្ហាញនូវការអបអរសាទរ ជាមួយបងប្អូនប្រជាពលរដ្ឋដែលទទួលបាននូវវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ របស់ខ្លួន។ លោកអភិបាលខណ្ឌ បានលើកឡើងថា ការផ្តល់ជូនវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូននាពេលនេះគឺធានាបានភាពកក់ក្តៅ សុវត្ថិភាពដីធ្លី សិទ្ធិកាន់កាប់ដីធ្លីពេញលេញ ជាពិសេស ជាភស្តុតាងសម្រាប់ការពារជៀសវាងពីការរំលោភបំពាន និងទំនាស់ដីធ្លី ពេលកើតមានឡើង។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិនេះ ត្រូវថែរក្សាឱ្យបានល្អ កុំឱ្យខូចបាត់ជាផលប្រយោជន៍ ក្នុងការប្រើប្រាស់តាមការជាក់ស្តែងដើម្បីលើកស្ទួយជីវភាពរបស់បងប្អូនកាន់តែប្រសើរឡើង ព្រមទាំងសូមថ្លែងអំណរគុណដល់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ ជាពិសេសដឹងគុណដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ជកោណ-ដំណាក់កាលទី១ ដើម្បី កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្តោតជាសំខាន់លើ “ប្រសិទ្ធភាពសមិទ្ធកម្ម” ព្រមទាំងបានឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ក្នុងដំណើរការចុះបញ្ជីដីធ្លី នៅក្នុងភូមិសាស្ត្ររាជធានីរបស់យើងឱ្យមានភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត សម្រាប់ការផ្តល់បណ្ណកម្មសិទ្ធិជូនដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងឡាយ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ៕

អត្ថបទដែលជាប់ទាក់ទង