ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ត្រី សោ សាវឿន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី

33

រតនគិរី៖ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២៤ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រកាសចូលកាន់មុខតំណែង ឯកឧត្ដមឧត្តមសេនីយ៍ត្រី សោ សាវឿន ជាមេបញ្ជការកងរាជអាវុធហត្ថខេត្តរតនគិរី ជំនួសលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដែលត្រូវផ្ទេរភារកិច្ចទៅកន្លែងថ្មី។
ពិធីនេះធ្វើឡើងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដមញ៉ែម សំអឿនអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ពាក់ព័ន្ធជាច្រើនទៀត។
ក្នុងឱកាសនោះ ឯកឧត្ដម ញ៉ែម សំអឿន បានសម្តែងការកោតសរសើរនាយទាហាន ពលទាហានរង និងពលអាវុធហត្ថ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ដឹកនាំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស គោរពតាមគោលការច្បាប់បទបញ្ជា ក្រមសីលធ៌ម វិជ្ជាជីវៈ។
នាយទាហាន ពលទាហានរង និងពលអាវុធហត្ថ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានបំពេញតួនាទីភារកិច្ចប្រកបដោយភាពស្មោះត្រង់ លះបង់ មានឆន្ទៈខ្ពស់ ក្នុងការបំពេញតួនាទី ភារកិច្ច ប្រកបដោយមោទនភាព។
ឯកឧត្ដមអភិបាលខេត្ត បានកោតសរសើរឯកឧត្ដមឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលក្នុងការបំពេញតួនាទី ដឹកនាំបញ្ជា គ្រប់គ្រងកងរាជអាវុធហត្ថខេត្ត សម្រេចបាននូវតួនាទីភារកិច្ចរបស់ខ្លួន ក្នុងអាណត្តិរបស់ខ្លួនកន្លងមក។
ជាមួយគ្នានេះ ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា បានផ្តាំផ្ញើដល់កម្លាំងអាវុធហត្ថទាំងអស់ សូមឈរនៅទីខ្ពស់ សម្លឹងឲ្យបានឆ្ងាយ និងពិនិត្យមើលឲ្យបានច្បាស់នូវប្រភពនៃបញ្ហា ដែលបានកើតឡើងនៅលើពីភពលោក ក៏ដូចជាក្នុងតំបន់ និងៈភ្ជាប់មកជាមួយប្រទេសកម្ពុជារបស់យើង ដើម្បីធ្វើការពិចារណាឲ្យបានជ្រះថ្លា ដើម្បីកសាងនូវកម្លាំងរួមមួយ ពោលគឺមហាសាមគ្គីប្រជាជាតិទាំងមូល ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
នាយឧត្តមសេនីយ៍ សៅ សុខា បានសង្កត់ធ្ងន់ឲ្យចូលរួមបន្តថែរក្សា សុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ ជំរុញការអភិវឌ្ឍប្រទេស ឆ្ពោះទៅកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន និងកសាងប្រទេសកម្ពុជាឲ្យបានជឿនលឿន បន្ថែមទៀតសម្រាប់ថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង