ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុ ដឹកនាំប្រតិភូសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់នាយនាវី នាវីរង ពលនាវី និងក្រុមគ្រួសារកងទ័ព ដែលកំពុងឈរជើងការពារដែនទឹកនៅលើកោះពូលូវ៉ៃ

33

ព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះ សំណាលសួសុខទុក្ខដល់ នាយនាវី នាយនាវីរង ពលនាវី និងក្រុមគ្រួសារទ័ព ឈរជើងការពារដែនទឹកនៅលើកោះពូលូវ៉ៃលេខ៥ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីខ្មែរបានចូលមកដល់។ ពិធីនេះធ្វើឡើង នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ ដោយមានការអញ្ជើញចូលរួមពី ឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការដ្ឋាន ការពារកោះឆ្នេរ អភិបាលរងខេត្ត អ្នកឧកញ៉ា លោកឧកញ៉ា មន្ទីរអ្គភាព ក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធ ស្នងការនគរបាលខេត្ត គណប្រតិភូ បណ្តាអ្នកវិនិយោគក្នុងខេត្ត ជាច្រើនរូបផងដែរ។

លោក ម៉ម ម៉េត មេបញ្ជាការ ការពារកោះឆ្នេរពូលូវ៉ៃលេខ៥ ថ្លែងប្រាប់ពីភូមិសាស្ត្រខ្លះៗ របស់កោះពូលូវ៉ៃដល់ថ្នាក់ដឹកនាំ ក្នុងទឹកដីកោះពូលូវ៉ៃលេខ៥ មានចំនួន២កោះ គឺកោះតា និងកោះយាយ ក្នុងតំបន់សមុទ្រនៅកោះពូលូវៃនៃព្រះរាជាណាចក្រកម្ពុជា ខាងជើង ឈៀងខាងលិចមានព្រុំប្រទល់ជាប់សមុទ្រប្រទេសថៃឡង់ និងខាងត្បូង ឈៀងខាងកើត ជាប់សមុទ្រប្រទេសវៀតណាម។ ណែកឯសភាពការណ៍នៃតំបន់កោះពូលូវ៉ៃវិញនោះ ការធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញគ្រប់ប្រភេទក្នុងតំបន់ និងធ្វើចរាចរណ៍ឆ្លងកាត់អាច ធ្វើឲ្យមានអសន្តិសុខ ពិសេសដូចជាការនេសាទខុសច្បាប់ ការដឹកជញ្ជូនទំនិញគេចពន្ធ មនុស្សឆ្លងដែន ជួញដូរគ្រឿងញៀន ជាក់ស្ដែង កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ មានជនមិនស្គាល់មុខបានយកគ្រឿងញៀនមកផ្លុងចោលចំនួន២៤បាវស្មើ៤៩១គីឡូក្រាម។

លោកបានឲ្យដឹងបន្ថែមថា ស្ថានភាពប្រជាពលរដ្ឋដែលរស់នៅបួនខេត្តជាប់មាត់សមុទ្រ និងតាមតំបន់កោះមានប្រមាណជា៤០% ប្រកបមុខរបរនេសាទចិញ្ជឹមជីវិតជាចម្បង។ ការធ្វើអាជីវកម្មនេសាទតែងតែធ្វើឡើងពីតំបន់មួយទៅតំបន់មួយទៀតតាមរដូវកាលដោយឡែកនៅតំបន់កោះពូលូវ៉ៃនេះមានប្រជាជនភាគច្រើនជាអ្នកនេសាទមកពីខេត្តកំពត និងខេត្តព្រះសីហនុ។

ក្នុងឱកាសដ៏ពិសេសពិសាលនេះ លោក ម៉ម ម៉េត យើងទាំងអស់គ្នាជា នាយនាវី នាយនាវីរង ពលនាវី និងក្រុមគ្រួសារទ័ពទូទាំងអង្គ ភាពកោះទាំងមូលសូមថ្លែង អំណគុណចំពោះ អភិបាលខេត្តព្រះសីហនុ ដែលឆ្លៀតឱកាសនូវពេលវេលាដ៏មមាញឹកមានតម្ល អញ្ជើញចុះមក សំណេះសំណាលសាកសួរសុខទុក្ខ យើងខ្ញុំទាំងអស់គា្ននាឱកាសឆ្នាំថ្មី ឆ្នាំ២០២៤នេះ។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ កោតសរសើរដល់មេបញ្ជាការ និងកម្លាំងពលនាវីទាំងអស់ មិនត្រឹមតែការពារដែនទឹកឲ្យមានសុខសុវត្ថិភាពជូនជាតិប៉ុណ្ណោះទេ ថែមទាំងបានរួមគ្នា ក្នុង កសាងនូវសមទ្ធផលនានាលើកោះពូលូវ៉ៃ ដើម្បីទុកជាការប្រើប្រាស់ និងជាមរតកសម្រាប់ កោះ ពូលូវ៉ៃយើងនេះផងដែរ។ ឯកឧត្តមបន្តថា សម្រាប់សមទ្ធផល ដែលបានកើត ឡើងនៅ លើកោះនេះ ប្រើប្រៀបធៀបទៅហ្នឹងដីគោកមានការអភិវឌ្ឍន៍ក៏ពិតមែន ប៉ុន្តែចាត់ទុកថា ល្អប្រសើរ ព្រោះនៅពីក្រោយការសាងសង់នេះ គឺធ្វើឡើងដោយកម្លាំង កាយចិត្តចូលរួមសាមគ្គី ពោលគឺនៅលើកោះមិនមានគ្រឿង ចក្រណាយកមក ដើម្បីជួយ សម្រួលដល់ការសាងសង់ នោះទេ គឺប្រើកម្លាំងរបស់កងទ័ពជើងទឹកទាំងស្រុង។

ឯកឧត្តម អភិបាលខេត្តបានគូសបញ្ជាក់ថា សក្តានុពលនៃកោះពូលូវ៉ៃរបស់ យើងគឺពិតជាមាន សារសំខាន់ខ្លាំងសម្រាប់ជាតិមាតុភូមិយើង ជាពិសេសគឺទីតាំងសម្រាប់កងទ័ព ជើងទឹករបស់ ឈជើងដើម្បីការពារដែនទឹករបស់យើងនេះហើយ ដូច្នេះការអភិវឌ្ឍន៍ ព្រមទាំង ការចូល រួមចំណែកបរិច្ចាគ និងជួយជ្រុមជ្រែង ពីសប្បុរសធម៌កន្លងមក និងនៅថ្ងៃមុខពិតជាមាន គុណតម្លៃខ្លាំងណាស់ចំពោះកោះមួយនេះ។

ឯកឧត្តម គួច ចំរើន បានបន្ថែមថា បើលើទឹកដីកោះពូលូវ៉ៃមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ វាក៏ជាការចូលរួនចំណែកការការពារនៅអធិបតីភាពឲ្យកាន់តែរឹងមាំតទៅមុខទៀត បើនៅទីនេះ មិនមានការអភិវឌ្ឍន៍អ្វីសោះនោះ បងប្អូននៅទីនេះនឹងជួបការលំបាក ការការពារនឹងមិនរឹង មាំសម្រាប់កោះមួយនេះនោះទេ។
ក្នុងឱកាសនោះឯកឧត្ដម អភិបាលខេត្តព្រះសីហនុ សូមលើកទឹកចិត្តដល់កង កម្លាំងទ័ពជើង ទឹកយើងទាំង អស់ខិតខំបន្តប្រឹងប្រែងកសាងជំរុំ ហេដ្ឋារចនាសម្ព័ន្ធនៅទីនេះបានសមរម្យហើយ ក៏សូមឲ្យយក ចិត្តដាក់រួមគ្នាទប់ស្កាត់អំពើខុសច្បាប់ទាំងឡាយដែលកន្លងមកគេធ្លាប់បានប្រើប្រាស់ទឹកដីរបស់យើងជាកន្លែងជួញដូរ និងអំពើទុចរិត។ លោកជឿជាក់ថាបងប្អូន កងកម្លាំងនៅទីនេះធ្វើបាន ល្អប្រសើរទៅរហូត។

ក្នុងឱកាសនេះដែរ ឯកឧត្តម គួច ចំរើន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេច ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូន៖ បញ្ជាការដ្ឋានការពារកោះឆ្នេរ ថវិកា ១០,០០០,០០០៛, កងការពារកោះពូលូវៃលេខ៥ ថវិកា ១០,០០០,០០០៛ និង ៣,០០០$, នាយនាវី នាយនាវីរង សរុប ៧៧ នាក់ ក្នុង ១នាក់ ថវិកា ១០០,០០០៛, ប្រជាពលរដ្ឋ សរុប ៩ នាក់ ក្នុង ១នាក់ ថវិកា ១០០,០០០៛, ឧបត្ថម្ភគ្រឿងឧបភោគបរិភោគជូន កងការពារកោះពូលូវៃលេខ៥ រួមមាន៖ ត្រីឆ្អើរចំនួន១០០ គីឡូ, ត្រីងៀតចំនួន ១០០ គីឡូ, ប្រហុកចំនួន ៥០ គីឡូ, ផ្អកចំនួន ៥០ គីឡូ, ទឹកភេសជ្ជកីឡា V-ACTIVEចំនួន ៥០ កេស, ស្រាបៀគ្រុឌចំនួន ៥០ កេស,ត្រីខកំប៉ុង ៥ កេសធំ, មីកំប៉ុង ១០កេសធំ,នំធុញ្ញជាតិ ៥០កេស ,នំកញ្ចប់ផ្សេងៗ ២ កេសធំ,ឱសថសម្រាប់ព្យាលបាលផ្សេងៗចំនួន ១៦ មុខ និងផ្លែស៉ាវម៉ៅស្រស់ ២៥០ គីឡូ, ក្នុងនោះថវិកាសរុបចំនួន ៤០,០៤២,៥០០៛ និង ៣,០០០$៕

អត្ថបទដែលជាប់ទាក់ទង