លោក ថេង សុថុល និងភរិយា នាំយកទៀនវស្សា និងសំភារៈបរិក្ខាប្រគេនដល់ព្រះសង្ឃ នៅវត្តចំនួន៤ ក្នុងខណ្ឌចំការមន











លោក ថេង សុថុល បានមានប្រសាសន៍លើកឡើងអំពី ប្រពៃណីព្រះពុទ្ធសាសនា ដែលនៅក្នុងពិធីបុណ្យចូលព្រះវស្សា ពុទ្ធបរិស័ទតែងតែនាំយកទៀនវស្សា គ្រឿងឧបភោគបរិភោគ និងសម្ភារៈបរិក្ខា ជាច្រើន ទៀតទៅប្រគេនព្រះសង្ឃ នៅតាមបណ្តាលវត្តនានា ដើម្បីផ្គត់ផ្គង់ដល់ព្រះសង្ឃ ព្រោះនេះជារដូវវស្សាដែលជារដូវមួយសំបូរទឹកភ្លៀង ដែលព្រះសង្ឃមានការលំបាកនិមន្តបិណ្ឌបាត្រ និងម៉្យាងទៀតរដូវនេះ ក៏ជាពេលវេលា មួយ ដែលព្រះសង្ឃគង់នៅក្នុងវត្ត ដើម្បីសិក្សារៀនសូត្រព្រះធម៌។ លោកអភិបាលខណ្ឌនិងក្រុមគ្រួសារ រួមនឹងមន្រ្តីក្នុងសាលាខណ្ឌ តែងតែបាន នាំយកនៅទៀនវស្សាគ្រឿង ឧបភោគ បរិភោគ និងគ្រឿងសម្ភារៈបរិក្ខាមួយចំនួន ទៅប្រគេនតាមបណ្តាលវត្តនានានៅក្នុងខណ្ឌ ដើម្បីរួមចំណែក សម្រាលការខ្វះខាតរបស់ព្រះសង្ឃក្នុងវត្តជារៀងរាល់ឆ្នាំ។ ជាមួយគ្នា លោកអភិបាលខណ្ឌ ក៏បានលើកឡើងពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលការរីកចម្រើននេះ គឺមិនអាចកាត់ផ្តាច់បានពីវិស័យពុទ្ធចក្រ ដែលជានិច្ចកាលវិស័ពុទ្ធចក្រ និងអាណាចក្រ ត្រូវដើរទន្ទឹមគ្នា ដើម្បីកសាងប្រទេសជាតិយើងឲ្យបានរីកចម្រើនជាលំដាប់។
ព្រះគ្រូចៅអធិការវត្តថាន់ ក្នុងនាមព្រះសង្ឃគណៈកម្មាធិការវត្ត និងពុទ្ធិបរិស័ទ ចំនុះជើងវត្តទាំង៤ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកអភិបាលខណ្ឌ និងមន្តី្រសាលាខណ្ឌ ដែលបាននាំយកអំណោយ មកផ្គត់ផ្គង់ដល់ព្រះសង្ឃនាពេលនេះ។ នេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការជួយសម្រួលដល់ ព្រះសង្ឃ សម្រាប់គង់ស្នាក់នៅ និងសិក្សារៀនសូត្រធម៌ក្នុងរដូវចូលព្រះវស្សា អស់កាលត្រីមាស ក្នុងពុទ្ធសីមា តាមពុទ្ធានុញ្ញាតិ៕