ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាការស្តារប្រឡាយ និងប្រព័ន្ធលូ ជាអាទិភាពជាច្រើនខ្សែនៅក្នុងភូមិសាស្ត្រខណ្ឌទួលគោកបន្តទៀតក្រោយបញ្ចប់នៅខណ្ឌចំនួន៣

30

ភ្នំពេញ៖ ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានបន្តចុះស្តារប្រឡាយ និងប្រព័ន្ធលូ ជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌទួលគោកបន្តទៀត ក្រោយពីធ្វើសកម្មភាពស្តារប្រព័ន្ធលូ

នៅភូមិសាស្ត្រខណ្ឌដូនពេញ ចំការមន និងខណ្ឌ៧មករារួច និងបន្ទាប់ពីបានស្តារប្រព័ន្ធលូ ស្តារប្រឡាយ ជាច្រើន ខ្សែ និងស្ថាបនាស្ថានីយ៍មូមទឹកជាបន្តបន្ទាប់ខណ្ឌជាយរាជធានីភ្នំពេញ។

   ការងារទាំងនេះធ្វើឡើងក្រោមការយកចិត្តទុកដាក់ និងណែនាំ ព្រមទាំងឧបត្ថម្ភ គាំទ្រពី ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀង ដេីម្បីបញ្ចៀសការ ជន់លិចផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ។

   ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៥ ខែសីហានេះ ក្រុមការងារដឹកនាំផ្ទាល់ដោយ ឯកឧត្ដមឯក ឃុនដឿន អភិបាលរង តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជនីភ្នំពេញ បានចុះស្តារប្រឡាយ និងប្រព័ន្ធលូជាអាទិភាព នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោកជាច្រើនខ្សែបន្តទៀត។

  នាឱកាសនោះឯកឧត្ដមឯក ឃុនដឿន បានឱ្យដឹងថា៖ការស្តារប្រឡាយ និងប្រព័ន្ធលូក្នុងខណ្ឌទួលគោកនេះ រួមមាន៖ ស្តាប្រឡាយចំនួន ៣ខ្សែ ប្រវែងសរុប២.៧៦០ម៉ែត្រ ក្នុងនោះមានស្តារប្រឡាយបឹងសាឡាង ប្រវែង ៩២០ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងសាឡាង ប្រឡាយអាងស្តុកទឹកស្ថានីយទួលគោកទី១ ប្រវែង១.១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ,ប្រឡាយអាងស្តុកទឹកស្ថានីយទួលគោកទី២ ប្រវែង៧៤០ម៉ែត្រ ស្ថិតក្នុងសង្កាត់ បឹងកក់ទី១។ ស្តារលូ ផ្លូវលេខ ២៤៥ ចាប់ពីផ្លូវ១៨២ ដល់ផ្លូវ២៣០ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ,ទឹកល្អក់ទី៣ និងសង្កាត់ផ្សារដើមគរ ប្រវែង១.០៤០ម៉ែត្រ។ស្តារលូ ផ្លូវលេខ៣៣៦ ចាប់ពីផ្លូវ២១៥ ដល់ផ្លូវ២៦១ ក្នុង សង្កាត់ផ្សារដើមគរ និងសង្កាត់បឹងសាឡាង ប្រវែង១.៧២០ម៉ែត្រ។ ស្តារលូ ផ្លូវលេខ ១៨២ ចាប់ពី ផ្លូវ២១៥ ដល់ផ្លូវ២៤៥ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ប្រវែង ៣.៦០០ម៉ែត្រ។ ស្តារលូ ផ្លូវលេខ ២៥៣ ចាប់ពីផ្លូវ១២៨ដល់ ផ្លូវលេខ២៣០ ក្នុងសង្កាត់ទឹកល្អក់ទី១ ទី២ និងទី៣ ប្រវែង២.០០០ម៉ែត្រ។ ស្តារលូ ផ្លូវលេខ ២៥៧ ចាប់ពី ផ្លូវ១២៨ ដល់ផ្លូវលេខ២៣០ ក្នុងសង្កាត់ទឹកល្អក់ទី១ ទី២ និងទី៣ ប្រវែង២.១០០ម៉ែត្រ។ ស្តារលូ ផ្លូវលេខ ២៦១ ចាប់ពី ផ្លូវ១៨២ ដល់ផ្លូវលេខ២៣០ ក្នុងសង្កាត់ទឹកល្អក់ទី៣ ប្រវែង១.០៦០ម៉ែត្រ។

   ឯកឧត្ដមឯក ឃុនដឿន បានបញ្ជាក់ទៀតថា៖ ក្រុមការងារនេះនឹងប្រើប្រាស់រថយន្តចំនួន១៣គ្រឿង ដោយបែងចែងជាក្រុម ធ្វើសកម្មភាពព្រមៗគ្នាតែម្តង។ តាមការណែនាំពី ឯកឧត្ដម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ គឺបានឱ្យអាជ្ញាធរខណ្ឌទាំង៥ នៅកណ្តាលរាជធានី សហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើសកម្មភាពបូមស្តារអណ្តូងលូ និងសម្អាតដីភក់តាមប្រព័ន្ធលូ ត្រៀម បញ្ចៀសការជន់លិចលង់មុនរដូវភ្លៀងធ្លាក់មកដល់។ គិតមកដល់ពេលនេះ កិច្ចការស្តារប្រព័ន្ធលូនៅក្នុងខណ្ឌចំនួន៣ហើយ ដែលបានបញ្ចប់រួចរាល់ក្នុងនោះរួមមាន៖ ខណ្ឌដូនពេញ ចំការមន និងខណ្ឌ៧មករា។

  ជាមូយគ្នានោះឯកឧត្ដម ឯក ឃុនដឿន ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់ត្រូវចុះពិនិត្យមើលទីតាំង ដែលប្រឈមនិងការលិចលង់ខ្លាំង ដើម្បីឱ្យក្រុមការងារបានស្តារឱ្យចំគោលដៅហើយ ប្រព័ន្ធលូតូច ដែលមិនទាន់បានជាមួយលូមេក្តុមការងារត្រូវភ្ជាប់ងាយស្រួលទឹកហូរ និងធានាបានថាមិនមានការ លិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សានេះទៀត។ បន្ថែមពីនេះឯកឧត្ដមអភិបាលរង ក៏បាន អំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋ ត្រូវវេចខ្ចប់ ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបាន អនាម័យ និង បរិស្ថានស្អាត ព្រមទាំង អាច បញ្ចៀសការលិចលង់ និងជួយលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញយើងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង