ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច ស ខេង កោះហៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម ឲ្យធ្វើសេចក្តីព្រាងច្បាប់ថ្មី ដើម្បីការពារធនធានធម្មជាតិ

95


ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដែលរួមមានក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ ជ អ ប) ដើម្បីពិនិត្យ និង កែសម្រួលច្បាប់មួយចំនួន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារ ព្រៃឈើ និង ធនធានធម្មជាតិកម្ពុជា ។ កិច្ចប្រជុំអន្តរក្រសួងនាព្រឹកថ្ងៃអង្គារទី២៧ ខែវច្ឆិកា ឆ្នាំ២០១៨នេះ បានប្រារព្ធឡើងនេះ ដោយមានការប្រគល់ភារកិច្ច ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

លោក ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានមាន ប្រសាសន៍ថា៖ កិច្ចប្រជុំអន្តរក្រសួងនេះ បានពិនិត្យឡើងវិញយ៉ាងល្អិតល្អន់ នូវច្បាប់ចំនួនបីជាសំខាន់ គឺច្បាប់ស្តីពី ព្រៃឈើ ច្បាប់ស្តីពីជលផល និង ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដោយមើលឃើញថាច្បាប់ទាំង នោះមានចំណុចមួយចំនួន មានការវិវាទជា មួយច្បាប់ផ្សេងៗ ជាពិសេស ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្គ និង ការអនុវត្តគោលនយោបាយ វិមជ្ឈការ និង សហវិមជ្ឈការ ។ ដោយហេតុ ដូចនេះ កិច្ចប្រជុំអន្តរក្រសួង បានសម្រេច ធ្វើសេចក្តីព្រាងទាំងបីនេះជាថ្មី ដើម្បីសម្រួល ដល់ការប្រត្តិបត្តិ របស់អជ្ញាធរថ្នាក់ក្រោមជាតិ ។
លោក ប៉ោ ភក្តិ បានឲ្យដឹងដែរថា នៅក្នុងកិច្ចប្រជុំនេះ សម្តេចក្រឡាហោមស ខេង ក៏បានសម្រេចឲ្យមានការបញ្ចូល បន្ថែមក្រសួងមួយចំនួនទៀត ដូចជាក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រសួងរ៉ែ និង ថាមពល និង ក្រសួង មុខងារសាធារណៈ ជាដើម ដើម្បីចូលរួមតាក់តែងសេចក្តីព្រាងច្បាប់ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអនុវត្តឲ្យមានប្រសិទ្ធភាព ។
លោក ប៉ោ ភក្តិ បានបញ្ជាក់ថា នៅ ពេល ខាងមុខនេះ មន្ត្រីជំនាញជាន់ខ្ពស់ របស់អន្តរក្រសួងទាំងអស់ នឹងត្រូវជួបប្រជុំគ្នា ដើម្បីធ្វើសេចក្តីព្រាងច្បាប់ បន្ទាប់មក នឹងមានការរៀបចំសិក្ខាសាលា ថ្នាក់ជាតិ មួយ ដោយមានការចូលរួមពិភាក្សា ផ្តល់យោបល់ដោយអង្គការមិនមែនរដ្ឋាភិបាល សហគមន៍ និង ផ្នែកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីឲ្យខ្លឹមសារសេចក្តីព្រាងច្បាប់ទាំងនោះ កាន់តែសុក្រិត្យថែមទៀត ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញសារាចរណែនាំ ស្តីពីវិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ។ រាជរដ្ឋាភិបាលបាន និងកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅ លើការគ្រប់គ្រងធនធនធម្មជាតិ ជាពិសេសទៅលើវិស័យព្រៃឈើ និងជលផល តាមរយៈការជម្រុញ ឲ្យមានការធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក៏ដូចជាការបែងចែកឡើងវិញ នូវសមត្ថកិច្ចឲ្យបានច្បាស់លាស់ រវាងស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ ព្រមទាំងរវាងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានានូវការលើកកម្ពស់ និងនិរន្តរភាពនៃការគ្រប់គ្រងធនធានធម្មជាតិ។

រាជរដ្ឋាភិបាលបានសម្រេចផ្ទេរ និងប្រគ់សមត្ថកិច្ចគ្រប់គ្រងតំបន់ការពារ និងអភិរក្សព្រៃឈើទាំងអស់ ទៅឲ្យស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងបរិស្ថាន និងសមត្ថកិច្ចគ្រប់គ្រងតំបន់ វិនិយោគអភិវឌ្ឍន៍ សម្បទានដីសង្គមកិច្ចទាំងអស់ ទៅឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងបានដាក់បញ្ចូលតំបន់ព្រៃឈើ មួយចំនួនបន្ថែមទៀត ឲ្យក្លាយទៅជាតំបន់ការពារធម្មជាតិ។

នៅក្នុងសារាចរណែនាំបានបញ្ជាក់ថា ស្របពេលនឹងការផ្ទេរសមត្ថកិច្ចគ្រប់គ្រង និងការជម្រុញឲ្យមានការធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា បុគ្គលមួយចំនួនបាននិងកំពុងឆ្លៀតឱកាស ប្រព្រឹត្តបទល្មើសធនធានធម្មជាតិ គួរឲ្យព្រួយបារម្ភនៅក្នុងតំបន់ការពារ និងអភិរក្សធម្មជាតិ។

សូមរលឹកថា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់សំណើទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំពិនិត្យ និងផ្តល់មតិណែនាំ លើការធ្វើវិសោធនកម្ម ច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល និងការកែសម្រួលសមត្ថកិច្ច ខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រង របស់មន្ទីរកសិកម្មរាជធានី ខេត្ត។ ហើយច្បាប់ស្តីពីជលផល គឺបានធ្វើវិសោធនកម្មរួចហើយ នៅតែការធ្វើវិសោធនកម្មច្បាប់ស្តី ពីព្រៃឈើ នៅមិនទាន់បានចេញនៅឡើយ រហូតមកដល់ពេលនេះ។

សូមជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឲ្យបានឆាប់ការធ្វើ វិសោនកម្មច្បាប់ គ្រប់គ្រងព្រៃឈើ ដើម្បីការពារធនធានធម្មជាតិព្រៃឈើ​ ដែលមានផល់ប៉ះពាល់យ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ។ នេះបើយោងតាមផេកសម្តេចក្រឡាហោម ស ខេង ដែលបានបង្ហោះផ្សព្វផ្សាយ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨។ ការថ្លែងនេះ ក្នុងពិធីកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ។

សម្ដេចក្រឡាហោ ស ខេង បានបញ្ជាក់ថា បច្ចុប្បន្ននេះ ច្បាប់ការពារព្រៃឈើ ពុំបានផ្ដល់អំណាចដល់អាជ្ញាធរ និងសមត្ថកិច្ចដែនដី ដែលបានធ្វើឲ្យជនខិលខូច មួយចំនួន កាប់ឈើខុសច្បាប់នាំចេញ ជាបន្តបន្ទាប់ ដែលធ្វើឲ្យមានផលប៉ះពាល់ ដល់បរិស្ថាន និងធនធានធម្មជាតិប្រទេសកម្ពុជា ។ នៅក្នុងអាណត្តិរដ្ឋាភិបាលថ្មីនេះ សម្ដេចនឹងជំរុញការកែប្រែច្បាប់នេះ ជាចាំបាច់ ដើម្បីផ្ដល់អំណាចដល់អាជ្ញាធរដែនដី សមត្ថកិច្ច ដើម្បីរួមគ្នាទប់ស្កាត់ ការពារព្រៃឈើរបស់ប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង